(ហ្សការតា)៖ ជំនួយចាំបាច់នានាត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដោយសាររលកយក្សស៊ូណាមិនៅក្នុងប្រទេសឥណ្ឌូណេស៊ីជាបណ្ដើរៗហើយ នៅថ្ងៃអង្គារនេះ។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមអ្នកធ្វើការងារផ្នែកមនុស្សធម៌បានព្រមានពីកង្វះខាតទឹកស្អាត និងថ្នាំពេទ្យ ខណៈមនុស្សរាប់ពាន់នាក់កំពុងស្នាក់នៅតាមជំរុំបណ្ដោះអាសន្ន ដែលកំពុងដង្ហោយរកជំនួយបន្ទាន់ជាច្រើនទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមភ្នាក់ងារមនុស្សធម៌កំពុងព្រួយបារម្ភ ខ្លាចក្រែងវិបត្តិសុខាភិបាលសាធារណៈផ្ទុះឡើង ខណៈចំនួនអ្នកស្លាប់បានកើនដល់ជិត ៤០០នាក់ (គិតត្រឹមព្រឹកថ្ងៃអង្គារ) និងរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ។ លើសពីនេះទៅទៀតកុមារជាច្រើននាក់ ក៏ត្រូវបានគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺជាបណ្តើរៗជា ក្ដៅខ្លួន និងឈឺក្បាលជាដើម ដោយសារតែពួកគេមិនមានទឹកស្អាតបរិភោគគ្រប់គ្រាន់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទម្សិលមិញ ចំនួនអ្នកស្លាប់បានកើនដល់ ៣៧៣នាក់ ១,៤៥៩នាក់រងរបួស និង១២៨នាក់បាត់ខ្លួន ក្រោយរលកយក្សស៊ូណាមិវាយប្រហារលើតំបន់ឆ្នេរនៃច្រកសមុទ្រ សាន់ដា (Sunda) ដែលស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងកោះជ្វា កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។ ចំណែកឯក្រុមជំនាញក៏បានព្រមានដែរថា នឹងរលកយក្សស៊ូណាមិអាចនឹងកើតឡើងជាថ្មីម្ដងទៀត ស្របពេលប្រជាជនច្រើនជាង ៥,០០០នាក់ មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញ៕