(អង់ការ៉ា)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់​​ ត្រាំ បាន​យល់ព្រម​បំពេញដំណើរទស្សន​កិច្ចមកកាន់​​ប្រទេសតួកគី នៅឆ្នាំ២០១៩ខាងមុខ ដើម្បីស្វែងរកកិច្ចសហការជាមួយតួកគី ក្នុងការ​ដកកងទ័ពចេញ​ពី​ស៊ីរីដោយរលូន។ នេះបើតាម​អ្នកនាំពាក្យ​ប្រធានាធិបតីតួកគី លោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​​ចិន​ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុង​​សន្និសីទសារព័ត៌មានមួយនាថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីកិច្ច​ប្រជុំគណៈរដ្ឋមន្ត្រី​ក្នុងទីក្រុង​អង់ការ៉ា លោក Ibrahim Kalin បានថ្លែងឱ្យដឹង​ទៀតថា លោក ត្រាំ បានទទួលយក​ការអញ្ជើញពីប្រធានាធិបតី​តួកគី លោក តាយយីព អឺដូហ្គាន់ នៅ​អំឡុង​កិច្ចសន្ទនាតាមទូរស័ព្ទ​មួយ​កាលពីចុងសប្ដាហ៍​កន្លងទៅ ប៉ុន្តែលោក​មិនបាន​បញ្ជាក់កាល​បរិចេ្ឆទជាក់លាក់​ នៃដំណើរ​ទស្សនកិច្ចប្រធានាធិបតីអាមេរិករូបនេះ​នៅឡើយទេ។

គួរបញ្ជាក់ថា បើតាមលោក Kalin ប្រតិភូយោធា​អាមេរិកមួយ​ក្រុម នឹងបំពេញ​ដំណើរទស្សនកិច្ចមកកាន់​ប្រទេសតួកគី​នៅក្នុង​​សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា​ពីសម្របសម្រួលជុំវិញ​ការដកទ័ពអាមេរិក​ចេញពីស៊ីរី។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះ​ដដែល​ក៏បានសង្កត់ធ្ងន់​ដែរថា តួកគីបានប្ដេជ្ញាចិត្តបន្ត​ការប្រយុទ្ធប្រឆាំងនឹង​ក្រុមភេរវករ ក៏ដូចជារក្សាកងទ័ព​នៅក្នុងខេត្ត Idlib សំដៅរក្សា​ស្ថេរភាព និងសន្តិសុខ​នៅក្នុង​តំបន់៕