(ប៉េកាំង)៖ ចិនបាន​សម្រេចនាំចូល​សណ្តែកសៀងរបស់​ប្រេស៊ីល ដែលជាប្រទេសធំមួយ​​ប្រចាំទ្វីបអាមេរិក​ខាងត្បូង បន្ទាប់ពីខ្លួន​បាន​បញ្ឈប់ការ​ទិញ​ផលិត​ផលនេះ​​ពីសហ​រដ្ឋ​អាមេរិក ដោយសារតែ​សង្រ្គាម​ពាណិជ្ជកម្ម។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

ជាទូទៅនាចុងឆ្នាំ​បែបនេះ ចិនតែងធ្វើការនាំចូល​សណ្តែកសៀងភាគ​ច្រើន​ពី​សហរដ្ឋអាមេរិក ដែលត្រូវ​យក​មកប្រើប្រាស់​ជា​​ចម្បង ​​សម្រាប់ធ្វើជាចំណី​ដល់សត្វ​ចិញ្ចឹម ហើយអាមេរិកគឺ​ជាអ្នកផ្គត់ផ្គង់សណ្តែកសៀងធំទីពីររបស់ចិន​ពីមួយឆ្នាំទៅ​​មួយ​ ខណៈភាពជា​ដៃគូនេះមាន​​​ទំហំ​ទឹកប្រាក់​​​ប្រមាណ ១២ពាន់លានដុល្លារ​កាលពីឆ្នាំមុន។

ប៉ុន្តែកាលពី​ខែកក្កដា ទីក្រុងប៉េកាំងបានបង្កើន​ពន្ធ​ក្នុងអត្រា ២៥ភាគរយ លើផលិតផលនាំ​ចូលពីអាមេរិក ជាការឆ្លើយតប​​ចំពោះ​ការដំឡើងពន្ធ​របស់អាមេរិក​លើទំនិញ​ចិន។ ចាប់ពីពេល​នោះមក ការនាំចូល​សណ្តែក​សៀង​អាមេរិកចូលមក​​កាន់​ចិនក៏បាន​ធ្លាក់ចុះ រហូតដល់ការបញ្ឈប់​ទាំងស្រុង​នៅ​ខែវិច្ឆិកា។ ជំនួសមកវិញ ចិនបានទិញ​សណ្តែកសៀង ​​៥.០៧​លាន​តោន​ពីប្រេស៊ីលកាលពី​ខែមុន ដែលជាការ​កើនឡើងដល់ទៅជាង ៨០ភាគរយធៀប​នឹង​ឆ្នាំ២០១៧។

គួរជម្រាបថា ទោះជាបែបនេះក្តី ទីក្រុងប៉េកាំង​ក៏បានចាប់ផ្តើម​​ទិញទំនិញមួយចំនួនពីអាមេរិក​ឡើងវិញផងដែរ​កាលពីដើមខែធ្នូ​នេះ បន្ទាប់ពីប្រទេសទាំងពីរ​​បានព្រមព្រៀង​​គ្នាបន្ធូរបន្ថយភាពតានតឹង​នៃសង្រ្គាម​ពាណិជ្ជកម្ម៕