(ដាម៉ាស់)៖ អាជ្ញាធរស៊ីរីបានឲ្យដឹងថា មនុស្សជាង៤លាននាក់ក្នុងចំណោ ៦.៩លាននាក់ នៃប្រជាជនស៊ីរីដែលភៀសខ្លួនក្នុងស្រុក (ហៅកាត់ថា IDP) បានវិលត្រឡប់ទៅកាន់កន្លែងដើមរបស់ពួកគេវិញហើយក្នុងឆ្នាំ២០១៨នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
បើតាមអាជ្ញាធរស៊ីរីគិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជនភៀសខ្លួន IDP ដែលបានត្រឡប់ទៅកាន់ភូមិ និងក្រុងរបស់ពួកគេរៀងៗខ្លួន នៅតាមខេត្តនានានៃប្រទេសស៊ីរីមានចំនួន ៤.២លាននាក់ ខណៈចំនួនជនភៀសខ្លួន IDP នៅស៊ីរី បានថយមកនៅត្រឹម ២.៩លាននាក់។ ដោយឡែកផែនការដកទ័ពអាមេរិកចេញពីទឹកដីមួយផ្នែករបស់ស៊ីរី ក៏ត្រូវអ្នកជំនាញមួយចំនួនលើកឡើងថា ជាការបើកឱកាសឲ្យការកសាងសន្តិភាពសម្រាប់ស៊ីរី ដំណើរការទៅកាន់តែលឿនផងដែរ។
គួរជម្រាបថា សម្រាប់ជនភៀសខ្លួនស៊ីរីនៅក្រៅប្រទេស ក៏បានចាប់ផ្តើមវិលចូលប្រទេសស៊ីរីវិញផងដែរ ជាពិសេសមកពីលីបង់ និងហ្ស៊កដានី ដោយសារតែស្ថានការណ៍នៅស៊ីរីមានភាពប្រសើរឡើងវិញ ខណៈដែលតំបន់មួយចំនួននៃប្រទេសបានវិលមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរីវិញ ក្រោយពីពួកឧទ្ទាមត្រូវបានវាយកម្ចាត់ចេញពីទីតាំងសំខាន់ៗ។
នៅឆ្នាំ២០១៦ ក្នុងចំណោមចំនួនប្រជាជនស៊ីរីមុនពេលមានសង្រ្គាមប្រហែល ២២លាននាក់ អង្គការសហប្រជាជាតិបានសន្និដ្ឋានថា ប្រជាជនស៊ីរី ១៣.៥លាននាក់ ត្រូវការជំនួយមនុស្សធម៌ដោយក្នុងនោះជាង ៦លាននាក់ ត្រូវភៀសខ្លួនក្នុងប្រទេសស៊ីរីផ្ទាល់ ខណៈប្រមាណ០៥លាននាក់ គឺជាជនភៀសខ្លួនកំពុងរស់នៅក្រៅទឹកដីស៊ីរី៕