(ម៉ិចស៊ីកូ)៖ អាជ្ញាធរម៉ិចស៊ីកូបានឱ្យដឹងថា លោកស្រីអភិបាលរដ្ឋ Puebla និងស្វាមីរបស់លោកស្រី ដែលជាសមាជិកព្រឹទ្ធសភាមួយរូបផងដែរនោះ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រីបានស្បថចូលកាន់តំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
អភិបាលរដ្ឋ ភឺប្លា (Puebla) គឺលោកស្រី ម៉ាថា អ៊ែរីកា អាឡុនសូ (Martha Erika Alonso) និងប្ដីរបស់លោកស្រីជាសមាជិកព្រឹទ្ធសភាគឺលោក រ៉ាហ្វអែល ម៉ូរ៉េណូ (Rafael Moreno) បានស្លាប់ភា្លមៗនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្រៅរដ្ឋ Puebla នៅថ្ងៃចន្ទសប្ដាហ៍នេះ។
បន្ថែមពីលើនេះប្រធានាធិបតីម៉ិចស៊ីកូ លោក អាន់ឌ្រែស ម៉ាណូអ៊ែល ឡូប៉េស (Andres Manuel Lopez Obrador) ក៏បានទទួលស្គាល់ការបាត់បង់ជីវិតរបស់អ្នកទាំងពីរផងដែរ ខណៈព្រឹទ្ធសភា បង្ហាញការសោកស្ដាយជាខ្លាំង។ «នេះគឺជាព័ត៌មានដ៏រន្ធត់... ហើយយើងពិតជាសោកស្ដាយ និងសោកសៅជាពន់ពេកសម្រាប់ការបាត់បង់អ្នកទាំងពីរ»។ នេះជាការគូសបញ្ជាក់របស់ប្រធានព្រឹទ្ធសភាលោក រីកាដូ ម៉ុនរៀល (Ricardo Monreal Avila)។
គួរបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ នៅមិនទាន់មានព័ត៌មានបញ្ជាក់ពីមូលហេតុ នៃគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះឡើយទេ ដែលវាបានកើតឡើងនៅក្បែរទីក្រុង សាន់តា ម៉ារៀ ខូរ៉ូណាងហ្គោ (Santa María Coronango) ស្របពេលការស៊ើបអង្កេតកំពុងដំណើរការ៕