(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបញ្ជាឱ្យទីភ្នាក់ងារជាតិក្នុងនោះរួមមានទាំងអាជ្ញាធរឧតុនិយម និងទីភ្នាក់ងារភូមិសាស្ត្រ ទិញប្រព័ន្ធប្រកាសអាសន្នបន្ថែម ក្រោយរងគ្រោះដោយសាររលកយក្សស៊ូណាមិ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាប្រព័ន្ធប្រកាសអាសន្នបច្ចុប្បន្នខូចលែងដំណើរការតាំងតែពីឆ្នាំ២០១២ មកម្លេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
លោក Widodo ចេញបញ្ជាបែបនេះ នាឱកាសចុះត្រួតពិនិត្យស្ថានភាពខូចខាត និងសួរសុខទុក្ខប្រជាជន នៅថ្ងៃចន្ទនេះ ក្នុងតំបន់ Pandeglang នៃខេត្ត Banten ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារតែរលកយក្សស៊ូណាមិ កាលពីចុងសប្ដាហ៍កន្លងទៅ។ ប្រធានាធិបតីឥណ្ឌូណេស៊ី បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំបានណែនាំឱ្យទីភ្នាក់ងារជាតិទិញប្រព័ន្ធប្រកាសអាសន្នដែលអាចចាប់សញ្ញា និងជូនដំណឹងពីគ្រោះមហន្តរាយធម្មជាតិដល់ប្រជាជន ឱ្យត្រៀមនិងជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថភាពទាន់ពេលវេលា»។
គួរជម្រាបថា បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ចំនួនអ្នកស្លាប់ នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីចុងសប្ដាហ៍កន្លងទៅបានកើនដល់៣៧៣នាក់ហើយ គិតត្រឹមថ្ងៃចន្ទនេះ ខណៈមនុស្សជាង១,៤៥៩នាក់ផ្សេងទៀតរងរបួស និង១២៨នាក់បាត់ខ្លួន៕