(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីចុងសប្ដាហ៍កន្លងទៅបានកើនដល់៣៧៣នាក់ហើយ ខណៈមនុស្សជាង១,៤៥៩នាក់ផ្សេងទៀតរងរបួស និង១២៨នាក់ បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។

បន្ថែមពីលើនេះ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានព្រមានផងដែរដល់ប្រជាជនរស់នៅតាមតំបន់ឆ្នេរស្ថិតក្បែរភ្នំភ្លើង Anak Krakatau ត្រូវនៅឱ្យឆ្ងាយពីភ្នំភ្លើងមួយនេះ ខណៈមានការព្រួយបារម្ភថារលកយក្សស៊ូណាមិអាចនឹងកើតឡើងជាថ្មី។ រលកយក្ស​ស៊ូណាមិ បានវាយ​លុក​​​យ៉ាងកក្រើក​នៅ​តាម​តំបន់ឆ្នេរនៃ​ច្រក​សមុទ្រ​ Sunda កាលពីថ្ងៃអាទិត្យហើយវាត្រូវបានគេរាយការណ៍ថាកើតឡើង​មកពីបាតុភូត​បំណាក់​ដី​នៅ​បាតសមុទ្រ បន្ទាប់​ពី​ភ្នំ​ភ្លើង Anak Krakatoa បានផ្ទុះឡើង។

គួរជម្រាបថា ច្រកសមុទ្រ Sunda គឺស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់​មហាសមុទ្រឥណ្ឌា។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang, Lampung ខាងត្បូង និង Serang៕