(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ើហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើង សង្រ្គាមរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី ប្រសិនបើកើតឡើងនឹងជះផលវិបាកដ៏អាក្រក់បំផុតសម្រាប់មនុស្សជាតិទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
លោក Lavrov បាននិយាយបែបនេះ ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Sputnik នៅមុនដំណាច់ឆ្នាំ២០១៩ ទាក់ទងនឹងបញ្ហាសំខាន់ៗ។ បើតាមការសង្កត់ធ្ងន់របស់លោកប្រមុខការទូតរុស្ស៊ី អ្នករាល់គ្នានៅជុំវិញពិភពលោក អាចយល់យ៉ាងច្បាស់ហើយថា ជម្លោះប្រដាប់អាវុធរវាងមហាអំណាចនុយក្លេអ៊ែរឈានមុខគេទាំងពីរ គឺអាមេរិកនិងរុស្ស៊ី នឹងក្លាយជាគ្រោះមហន្តរាយដ៏ធំ សម្រាប់មនុស្សជាតិទាំងមូល។ លោក Lavrov បានបញ្ជាក់ទៀតថា ពុំមានភាគីខាងណាជាអ្នកឈ្នះក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយវាមិនគួរអនុញ្ញាតឲ្យផ្ទុះទៅបាននោះទេ៕
គួរជម្រាបថា ក្នុងឆ្នាំ២០១៨ ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច បានបន្តធ្លាក់ចុះដុនដាបខ្លាំងដដែល ដោយសាររឿងអាស្រូវនិងទណ្ឌកម្មជាច្រើន៕