(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដក កងទ័ពអាមេរិកចេញពីប្រទេសស៊ីរីរបស់លោក ដូណាល់ ត្រាំ ដោយសង្កត់ធ្ងន់ថាក្នុងនាមជាសម្ព័ន្ធមិត្តគួរតែប្រកៀកស្មាគ្នាប្រយុទ្ធ នឹងសត្រូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
លោក ម៉ាក្រុង លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ នាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងប្រទេសឆាដ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីបារាំងរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំពិតជាសោកស្ដាយជាទីបំផុត ចំពោះការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី ពីសំណាក់លោកប្រធានាធិបតីដូណាល់ ត្រាំ...ប៉ុន្តែក្នុងនាមជាសម្ព័ន្ធ មិត្តគួរតែប្រកៀកស្មាគ្នាប្រយុទ្ធជាមួយសត្រូវ ហើយនេះគឺជារឿងដ៏សំខាន់សម្រាប់ប្រមុខរដ្ឋ និងប្រមុខយោធានានា...ដូច្នេះបារាំងនឹងបន្តប្រតិបត្តិការរបស់ខ្លួននៅស៊ីរី»។
គួរជម្រាបថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងកងទ័ពអាមេរិកចេញពីប្រទេស ស៊ីរី ក្រោយហេតុផលក្រុម ISIS ត្រូវបានកម្ចាត់ និងអនុវត្តតាមការសន្យារបស់លោក។ កងទ័ពអាមេរិកជាង ២០០០នាក់ ត្រូវបាន គេរាយការណ៍ថាកំពុងឈរជើងក្នុងប្រទេសស៊ីរីដើម្បីជួយក្រុមឧទ្ទាមស៊ីរីប្រយុទ្ធប្រឆាំងនឹង ISIS ក៏ដូចជាកងកម្លាំងរបស់ប្រធានាធិបតីបាស្សា អាល់អាសាដ៕