(ឡុងដ៍)៖ រដ្ឋមន្ត្រីសន្តិសុខ និងជាប្រមុខទីភ្នាក់ងារស៊ើបការសំងាត់អង់គ្លេស លោក Ben Wallace បានព្រមានថាក្រុមភេរវករ អាល់កៃដា កំពុងរៀបចំផែនការវាយប្រហារភេរវកម្មប្រឆាំងនឹងយន្ដហោះដឹកអ្នកដំណើរទាំងអស់នៅក្នុងទ្វីបអឺរ៉ុប ខណៈពិធីបុណ្យណូអែល និងចូលឆ្នាំថ្មីជិតមកដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអង់គ្លេស The Sunday Times កាលពីចុងសប្ដាហ៍កន្លងទៅ លោក Wallace បាន ឱ្យដឹងថាក្រុមភេរវករអាល់កៃដា ដែលជាអ្នកនៅពីក្រោយការវាយប្រហារមហារភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោករបស់សហរដ្ឋអាមេរិកដោយសម្លាប់មនុស្សជាង៣,០០០នាក់ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ កំពុងរៀបចំផែនការវាយប្រហារ ដោយប្រើយន្ដហោះដូចគ្នានេះ ព្រមទាំងកំពុងអភិវឌ្ឍបច្ចេកវិទ្យាដែលអាចបំផ្ទុះយន្ដហោះបានផងដែរ។
លោក Wallace បានលើកឡើងនាឱកាសនោះដូច្នេះថា៖«ការគំរាមកំហែងផ្នែកអាកាសចរណ៍ពិតជាមានយ៉ាងប្រាកដ...ដ្បិតក្រុមភេរវករអាល់កៃដា កំពុងរៀបចំគម្រោងវាយប្រហារប្រឆាំងនឹងយន្ដហោះដឹកអ្នកដំណើរទាំងអស់នៅក្នុងទ្វីបអឺរ៉ុបដោយប្រើវិធី សាស្រ្តដូចដែលពួកគេធ្លាប់បានធ្វើពីមុនមក»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍កាលពីយប់ថ្ងៃសៅរ៍ កន្លងទៅ លោក Ben Wallace ក៏បានបង្ហាញក្ដីព្រួយបារម្ភចំពោះការ សម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរីផងដែរ ដោយលោកចាត់ទុកថាការដកទ័ព នេះនឹងបង្កើតឋានសួគ៌ថ្មីមួយសម្រាប់ពួកភេរវករ បើកការវាយប្រហារប្រឆាំងនឹងលោកខាងលិច៕