(ចិន)៖ ប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសចិន បានរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីពេលដែលចិន ចាប់ផ្ដើមអនុវត្តកម្មវិធីកំណែទម្រង់ កាលពីឆ្នាំ១៩៧៨មក។ ក្នុងនោះ ការផ្ដល់សេវាដឹកជញ្ជូន បានរីកចម្រើនកាន់តែល្អប្រសើរ និងរលូន។ ហើយវិស័យដឹកជញ្ជូនរបស់ចិននាពេលសព្វថ្ងៃនេះ ក៏បានក្លាយទៅជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិទៅហើយ។
ក្នុងឆ្នាំ២០១៧ មានទំនិញចំនួន១២៧០កេស ដែលត្រូវគេដឹកជញ្ជូន នៅក្នុង១វិនាទី នៅប្រទេសចិន។ នាជំនាន់ដែលចិនចាប់ផ្ដើមធ្វើកំណែទម្រង់ដំបូងៗ សេវាដឹកជញ្ជូនរបស់ចិន ត្រូវចាប់ផ្ដើមពីចំនុចសូន្យ។ តែមិនដល់៤០ឆ្នាំផង ចិនក៏អាចដឹកទំនិញបានជាង៤ម៉ឺនលានកេសឯណោះ នៅក្នុង១ឆ្នាំ។
ការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនជាច្រើនដែលច្របាច់ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសបញ្ចូលគ្នា គឺជាចំនុចមូលដ្ឋានគ្រឹះដ៏សំខាន់របស់វិស័យដឹកជញ្ជូនរបស់ចិន។ ហើយនៅត្រឹមឆ្នាំ២០១៧ ផ្លូវទឹក និងផ្លូវរថភ្លើងដែលអាចប្រើបាននៅប្រទេសចិន មានប្រវែងសរុបដល់ទៅ១សែន២ម៉ឺន៧ពាន់គីឡូម៉ែតឯណោះ។
វិស័យផ្លូវដែករបស់ចិន បានរីកចម្រើនយ៉ាងខ្លាំង ដោយចាប់ផ្ដើមពីការដែលមានត្រឹមតែរថភ្លើង ដែលអាចរត់បានត្រឹមតែល្បឿនក្រោម៤០គីឡូម៉ែតនៅក្នុង១ម៉ោង មកជាមានរថភ្លើងដែលរត់លឿនស្មើនឹងរថភ្លើងជប៉ុន ពោលគឺរត់បាន៣៥០គីឡូម៉ែត នៅក្នុង១ម៉ោង។ ឯហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកវិញ ក៏បានរីកចម្រើនច្រើនដូចគ្នា ដោយសព្វថ្ងៃ ចិនមានផ្លូវថ្នល់ប្រវែង១សែន៣ម៉ឺន៦ពាន់៤រយគីឡូម៉ែត។
បើនិយាយអំពីវិស័យអាកាសចរស៊ីវិលវិញ កាលពីឆ្នាំ១៩៧៨ ចិនមានយន្ដហោះដឹកអ្នកដំណើរត្រឹមតែ៧០គ្រឿងប៉ុណ្ណោះ ដោយព្រលានយន្ដហោះមួយ អាចផ្ដល់ជើងហោះហើរទៅកាន់គោលដៅត្រឹមតែ២.៣កន្លែងប៉ុណ្ណោះ ជាមធ្យម។ តែបច្ចុប្បន្ន ចិនមានព្រលានយន្ដហោះច្រើនជាងមុនដល់ទៅជាង៣ដង ហើយព្រលានយន្ដហោះនីមួយៗ អាចផ្ដល់ជើងហោះហើរទៅកាន់គោលដៅជិត២០កន្លែង ជាមធ្យម។
តាំងពីឆ្នាំ២០១២មក រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ទៅលើគុណភាពនិងប្រសិទ្ធភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធដឹកជញ្ជូន។ ហើយក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ចិនបានបង្កើត២ភាគ៣នៃផ្លូវរថភ្លើង ល្បឿនលឿនទាំងអស់ ដែលកំពុងមាននៅប្រទេសចិន បង្កើតដល់ទៅជាងពាក់កណ្ដាល នៃគោលដៅហោះហើរសរុប ដែលមានគេប្រើជាទៀងទាត់ និងបង្កើតជិត៣០% នៃផ្លូវថ្នល់ល្បឿនលឿនសរុបនៅប្រទេសចិន។
ចំណែកឯការតភ្ជាប់គ្នារវាងមធ្យោបាយធ្វើដំណើរទាំងអស់ ក៏បានតភ្ជាប់គ្នាកាន់តែរលូនផងដែរ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៧ អត្រារង្វិលជុំនៃអ្នកធ្វើដំណើរ បានកើនឡើងចំនួន២៦% ឯអត្រារង្វិលជុំនៃទំនិញដែលគេដឹកជញ្ជូនទៅមកវិញ បានកើនឡើងចំនួន២៥% បើធៀបនឹងអត្រានាឆ្នាំ២០១២។
ដើម្បីជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ចិនក៏បានចូលរួមចំណែកក្នុងកិច្ចការពិភពលោកកាន់តែច្រើនជាងមុនផងដែរ ដោយចិនបានធ្វើគម្រោងជាច្រើននៅក្រៅប្រទេស រួមមានដូចជា គម្រោងផ្លូវដែកមុំបាសា-ណាយរ៉ូប៊ី និងគម្រោងផ្លូវដែកល្បឿនលឿនចាកាតា-បានឌុង ដែលកំពុងសាងសង់។ ចិនធ្វើកិច្ចការទាំងនេះ គឺដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកទាំងមូល អាចតភ្ជាប់គ្នាបាន៕ (សារព័ត៌មាន CCTV របស់ចិន)