(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីលោក Elon Musk ទីបំផុតបានទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណប GPS ជំនាន់ថ្មីរបស់យោធាអាមេរិកឡើងទៅកាន់ទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ABC News នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
ផ្កាយរណបខាងលើដែលផលិតឡើងដោយក្រុមហ៊ុន Lockheed Martin និងមានតម្លៃប្រហែល៥០០លានដុល្លារ គឺជាផ្កាយរណបប្រភេទ GPS មានសមត្ថភាពខ្លាំងបំផុតរបស់កងទ័ពអាកាសអាមេរិក ហើយវាត្រូវបាននាំយកឡើងទៅកាន់ទីអវកាសដោយជោគជ័យ តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX។
គួរជម្រាបថា ការបាញ់បង្ហោះផ្កាយរណបខាងលើ គឺជាជោគជ័យគួរឲ្យកត់សម្គាល់មួយ សម្រាប់ក្រុមហ៊ុនឯកជនរបស់លោក Musk ដែលបានចំណាយពេលរាប់ឆ្នាំមកហើយ ដើម្បីព្យាយាមជ្រៀតចូលទីផ្សារដែលរកចំណូលបានយ៉ាងច្រើន ក្នុងវិស័យបាញ់បង្ហោះសម្ភារៈយោធាអាមេរិកឡើងទីអវកាស ដែលគ្រប់គ្រងដោយក្រុមហ៊ុន Lockheed Martin និង Boeing៕