(ហ្សាការតា)៖ អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Sutopo Purwo Nugroho បានឱ្យដឹងថាប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បានខូចលែងដំណើរការតាំងតែពីឆ្នាំ២០១២មកម្លេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
លោក Nugroho ធ្វើការអះអាងបែបនេះតែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរលកយក្សស៊ូណាមិបានវាយប្រហារលើតំបន់ឆ្នេរជុំវិញច្រកសមុទ្រ Sunda ដែលស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងកោះជ្វា។ ថ្លែងនៅលើ Twitter នៅថ្ងៃចន្ទនេះ លោក Nugroho បានគូសបញ្ជាក់ដូច្នេះថា៖«ដោយសារតែការខូចខាត កង្វះមូលនិធិ និងកំហុសបច្ចេកទេស បានធ្វើឱ្យប្រព័ន្ធប្រកាសអាសន្នពី រលកយក្សស៊ូណាមិលែងដំណើរការ ជាហេតុធ្វើឱ្យការចាប់សញ្ញា និងប្រកាសអាសន្នពីរលកយក្សស៊ូណាមិ មិនអាចធ្វើឡើង ទាន់ពេលវេលា»។
លើសពីនេះទៅទៀត អ្នកនាំពាក្យរូបនេះបានបន្ថែមដែរថាប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិ បានខូចលែងដំណើរការតាំងតែពីឆ្នាំ២០១២មកម្លេះ ហើយថានឹងអភិវឌ្ឍប្រព័ន្ធនេះឡើងវិញ ដើម្បីធានាឱ្យបានថាឥណ្ឌូណេស៊ីមានប្រព័ន្ធប្រកាសអាសន្នពីរលកយក្សស៊ូណាមិទាន់ពេលវេលា។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីចុងសប្ដាហ៍កន្លងទៅ បានកើនដល់២៨១នាក់ហើយគិតត្រឹមថ្ងៃចន្ទនេះ ខណៈមនុស្សច្រើនជាង១,០០០នាក់ផ្សេងទៀតរងរបួស រីឯអាជ្ញាធរកំពុងធ្វើប្រតិបតិ្តការជួយសង្រ្គោះ និងតាមរកអ្នកនៅរស់រាន្តមានជីវិត៕