(ហ្សាការតា)៖ ក្រុមអ្នកជំនាញបានព្រមានថា រលកស៊ូណាមិអាចនឹងវាយប្រហារមកលើប្រទេសឥណ្ឌូណេស៊ីជាថ្មីម្តងទៀត ខណៈដែលចំនួនមនុស្សជិត៣០០នាក់ហើយ បានស្លាប់ដោយសាររលកយក្ស ដែលបង្កឡើងដោយបន្ទុះភ្នំភ្លើងឈ្មោះថា «អាណាក់ ក្រាកាតូអា (Anak Krakatoa)»។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
ខណៈដែលភ្នំភ្លើងខាងលើនៅបន្តបញ្ចេញសកម្មភាពខ្លាំងក្លាដដែល លទ្ធភាពនៃការកើតមានរលកយក្សស៊ូណាមិ គឺមិនអាចមើលរំលងបានឡើយ។ រលកស៊ូណាមិ ដែលបានវាយលុកតំបន់ឆ្នេរភាគខាងត្បូងកោះស៊ូម៉ាត្រា និងខាងលិចកោះជ្វា ជុំវិញច្រកសមុទ្រស៊ុនដា (Sunda) កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ទំនងជាត្រូវបានបង្កឡើងដោយ បំណាក់ដីក្រោមផ្ទៃសមុទ្រនៃផ្នែកមួយចំនួនរបស់ភ្នំភ្លើង Anak Krakatoa។
ម៉្យាងវិញទៀត បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ ពូវ៉ូ នូហ្គ្រោហូ (Sutopo Purwo Nugroho) បច្ចុប្បន្នឥណ្ឌូណេស៊ី មិនមានប្រព័ន្ធព្រមានឲ្យដឹងជាមុនអំពីរលកយក្សស៊ូណាមិ ដែលបង្កឡើងដោយបំណាក់ដីក្រោមផ្ទៃសមុទ្រឬបន្ទុះភ្នំភ្លើងឡើយ គឺមានតែប្រព័ន្ធព្រមានពីរលកយក្ស ដែលបង្កឡើងដោយរញ្ជួយដីប៉ុណ្ណោះ។
គួរជម្រាបថា ហេតុការណ៍ខាងលើគឺជាលើកទីបីហើយ ដែលឥណ្ឌូណេស៊ី បានរងការវាយប្រហារដោយស៊ូណាមិ ក្នុងអំឡុងពេល០៦ខែចុងក្រោយនេះ៕