(ការ៉ាកាស់)៖ កងនាវាវេណេស៊ុយអេឡា បានដេញតាមស្ទាក់ចាប់នាវារុករកប្រេងមួយគ្រឿងដែលកំពុងធ្វើប្រតិបត្តិការ ក្រោម ឈ្មោះក្រុមហ៊ុនប្រេងអាមេរិក Exxon Mobil នៅក្នុងដែនទឹកនៃប្រទេស Guyana កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
នាវារុករកប្រេងខាងលើមានឈ្មោះ Ramform Tethys ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Petroleum Geo-Services (PGS) មានមូលដ្ឋានក្នុងប្រទេសន័រវ៉េ និងកំពុងធ្វើប្រតិបត្តិការរុករកប្រេងឱ្យក្រុមហ៊ុនអាមេរិក Exxon Mobil។ ដោយឡែក ជុំវិញឧបទ្ទវហេតុនេះ អ្នកនាំពាក្យក្រុមហ៊ុន PGS ក៏បានឱ្យដឹងដែរថានាវារបស់ខ្លួនត្រូវបានកងនាវាវេណេស៊ុយអេឡាតាមស្ទាក់ចាប់ ហើយ ត្រូវបានបង្ខំចិត្តបញ្ឈប់រាល់ប្រតិបត្តិការ និងបកក្បាលត្រឡប់ទៅកាន់ទិសខាងកើតវិញភ្លាមៗ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Exxon Mobil និងរដ្ឋាភិបាលទីក្រុងការ៉ាកាស់ មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយឡើយ។ ប៉ុន្តែក្រសួងការបទេសនៃប្រទេស Guyana ដែលជាប្រទេសក្បែរខាងរបស់វេណេស៊ុយអេឡាក្នុងតំបន់អាមេរិកខាងត្បូង បានចោទ ប្រកាន់ថាសកម្មភាពរបស់កងនាវាវេណេស៊ុយអេឡា គឺជាចេតនាឈ្លានពាន និងបង្ករឿង ដ្បិតការស្ទាក់ចាប់នាវារុករកប្រេង Ramform Tethys កើតមានឡើងនៅក្នុងដែនទឹករបស់ខ្លួន ហើយថានឹងដាក់ពាក្យប្ដឹងទៅកាន់អង្គការសហប្រជាជាតិ៕