(តូក្យូ)៖ របាយការណ៍រដ្ឋាភិបាលជប៉ុនបានបង្ហាញឲ្យដឹងថា ចំនួនទារកដែលកើតនៅក្នុងប្រទេសបានបន្តធ្លាក់ដល់កម្រិតទាបបំផុត គិតចាប់តាំងតែពីការចាប់ផ្តើមស្រង់ទិន្នន័យនេះកាលពីឆ្នាំ១៨៩៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមក្រសួងសុខាភិបាលជប៉ុន ចំនួនទារកកើតក្នុងឆ្នាំ២០១៨នេះ ត្រូវគេប៉ាន់ប្រមាណថា មានត្រឹម៩២១,០០០នាក់ ដែលតិចជាងឆ្នាំមុន២៥,០០០នាក់។ បន្ថែមពីនេះ ចំនួនអ្នកស្លាប់សរុបក្នុងឆ្នាំនេះ គឺប្រហែល១.៣៧លាននាក់ ដែលធ្វើឲ្យការថយចុះចំនួនប្រជាជនគឺប្រមាណ៤៤៨,០០០នាក់ ដោយវាគឺជាគម្លាតធំបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសជប៉ុន។
គួរជម្រាបថា បើតាមការព្យាករណ៍កាលពីឆ្នាំទៅ ចំនួនប្រជាជនក្នុងប្រទេសជប៉ុន នឹងធ្លាក់ចុះរហូតសម្រាប់អំឡុងពេលកន្លះទសវត្សរ៍ខាងមុខ គឺពីជាង១២៦លាននាក់នៅឆ្នាំ២០១៦ មកនៅត្រឹមប្រហែលជា៨៨លាននាក់ ក្នុងឆ្នាំ២០៦៥៕