(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ កាលពីចុងសប្ដាហ៍កន្លងទៅបានកើនដល់២៨០នាក់ហើយ ខណៈមនុស្សច្រើនជាង១,០០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។
បន្ថែមពីលើនេះ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានព្រមានផងដែរដល់ប្រជាជនរស់នៅតាមតំបន់ឆ្នេរស្ថិតក្បែរភ្នំភ្លើង Anak Krakatau ត្រូវនៅឱ្យឆ្ងាយពីភ្នំភ្លើងមួយនេះ ខណៈមានការព្រួយបារម្ភថារលកយក្សស៊ូណាមិអាចនឹងកើតឡើងជាថ្មី។ រលកយក្សស៊ូណាមិ បានវាយលុកយ៉ាងកក្រើកនៅតាមតំបន់ឆ្នេរនៃច្រកសមុទ្រ Sunda កាលពីថ្ងៃអាទិត្យ។ រលកយក្សស៊ូណាមិដ៏ប្រល័យនេះត្រូវ បានគេរាយការណ៍ថាបណ្ដាលមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើង។
គួរជម្រាបថា ច្រកសមុទ្រ Sunda គឺស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់មហាសមុទ្រឥណ្ឌា។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang, Lampung ខាងត្បូង និង Serang។ ចំណែកឯ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ចូលរួមរំលែកមរណៈទុក ដល់ក្រុមសាច់ញាតិជនរងគ្រោះផងដែរ ស្របពេលប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើង៕