(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាលោកនឹងតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិ លោក Patrick Shanahan ឱ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី ជំនួសលោក James Mattis ដែលបានសម្រេចចិត្ត​លាលែងចេញពីមុខតំណែង កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។

ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅលើ Twitter កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ លោកត្រាំ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមប្រកាសថាអនុរដ្ឋមន្ត្រីការពារជាតិអាមេរិកដ៏មានសមត្ថភាព លោក Patrick Shanahan នឹងឡើង កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩»។ លោក Mattis បានលាលែងចេញពីមុខតំណែង កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយបើតាមព័ត៌មាននៅក្នុងស្រុក រដ្ឋមន្ត្រីការពារជាតិវ័យ៦៨ឆ្នាំរូបនេះសម្រេចចិត្តចាកចេញពី​រដ្ឋបាលលោក ត្រាំ នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ប៉ុន្តែលោកត្រំាចង់ឱ្យលោកចុះចេញពីតំណែងឱ្យបានកាន់តែឆាប់។

គួរបញ្ជាក់ថា មូលហេតុនៃការលាលែងពីតំណែងរដ្ឋមន្ត្រីការពារជាតិរបស់លោក James Mattis ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក រាយការណ៍ថាដោយសារតែមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន ជាពិសេសគឺគំរោងដកកងទ័ពអាមេរិកចេញពី​ប្រទេសស៊ីរី របស់លោក ដូណាល់ ត្រាំ៕