BREAKING NEWS (Update): មនុស្សស្លាប់កើនដល់២២២នាក់ និងរបួសជាង៨០០នាក់ ក្នុងហេតុការណ៍វាយប្រហារពីរលកស៊ូណាមិនៅឥណ្ឌូណេស៊ី
23-12-2018 18:43
(ហ្សាការតា)៖ មនុស្សបានកើនដល់២២២នាក់ហើយបានបាត់បង់ជីវិត និងរងរបួសជាង៨០០នាក់ ក្រោយមានករណីរលកយក្សស៊ូណាមិ វាយលុកយ៉ាងកក្រើកនៅតាមតំបន់ឆ្នេរនៃច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT Update នៅព្រលប់ថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១៨។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងថា មូលហេតុមួយដែលអាចបង្កឲ្យមានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើង។
គួរជម្រាបថា ច្រកសមុទ្រ Sunda ស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់មហាសមុទ្រឥណ្ឌា។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang, Lampung ខាងត្បូង និង Serang។ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានព្រមានផងដែរថា តួលេខមនុស្សស្លាប់និងរបួសអាចមានការកើនឡើងជាបន្តបន្ទាប់ទៀត៕