(ហ្សាការតា)៖ មនុស្សយ៉ាងតិច៤៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីរលកយក្សស៊ូណាមិ បានវាយលុកតាមតំបន់ឆ្នេរនៃច្រកសមុទ្រ Sunda ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១៨។
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី មនុស្ស៦០០នាក់បានរងរបួស ហើយអគារជាច្រើនខ្នងក៏បានរងការខូចខាតផងដែរ ក្រោយការវាយប្រហារពីរលកយក្សកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងថា មូលហេតុមួយដែលអាចបង្កឲ្យមានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់ពីភ្នំភ្លើង Anak Krakatoa បានផ្ទុះឡើង។
គួរជម្រាបថា ច្រកសមុទ្រ Sunda ស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់មហាសមុទ្រឥណ្ឌា។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang, Lampung ខាងត្បូង និង Serang។ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានព្រមានផងដែរថា តួលេខាមនុស្សស្លាប់និងរបួសអាចមានការកើតឡើងជាបន្តបន្ទាប់ទៀត៕