(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា ប្រទេសរបស់លោកគួរតែបន្តបង្កើនសមត្ថភាពការពារជាតិ ទោះបីជាកន្លងមកនេះទំនាក់ទំនងជាមួយកូរ៉េខាងជើង បានចាប់ផ្តើមមានភាពប្រសើរឡើងក៏ដោយ ដ្បិតថាសន្តិភាពអាចសម្រេចទៅបានលុះត្រាតែមានកម្លាំងយោធារឹងមាំមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
លោក មូន បានលើកឡើងយ៉ាងដូច្នេះថា «ភាពស្ងប់សុខបច្ចុប្បន្នស្ថិតក្នុងលក្ខណៈបណ្តោះអាសន្ននៅឡើយ ស្របពេលដែលដំណើរការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េនិងការស្វែងរកសន្តិភាពពេញលេញ កំពុងតែប្រព្រឹត្តទៅមុខ ប៉ុន្តែយើងដាច់ខាតមិនត្រូវភ្លេចខ្លួននោះឡើយ រហូតទាល់អ្វីៗបានបញ្ចប់ជាស្ថាពរទាំងស្រុង ខណៈសន្តិភាពអាចគង់វង្សយូរអង្វែងទៅបាន នៅពេលយើងមានយោធាខ្លាំងក្លារឹងមាំ»។
គួរជម្រាបថា ក្នុងឆ្នាំ២០១៨នេះ លោក មូន បានបើកកិច្ចប្រជុំជាប្រវត្តិសាស្រ្តដល់ទៅ០៣លើក ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ដោយក្នុងជំនួបទាំងនោះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាជាច្រើន រួមមានទាំងការសន្យាថានឹងមិនប្រើប្រាស់កម្លាំងយោធាប្រឆាំងដាក់គ្នានាថ្ងៃអនាគតឡើយ៕