(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងនាថ្ងៃព្រហស្បតិ៍នេះថា រូបលោកនឹងមិនលាលែងពីមុខតំណែងឡើយ ទោះបីជាកំពុងបន្តរងសម្ពាធខ្លាំងពីក្រុមអ្នករិះគន់ក៏ដោយ នៅមុនការបោះឆ្នោតខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្នុងវិមានរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ បានប្រកាសថា លោកនឹងនៅបន្តកាន់អំណាចជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ដដែល ទោះមានការអំពាវនាវយ៉ាងទទូចឲ្យរូបលោកចុះចេញពីតំណែង នៅមុនការបោះឆ្នោតសកល ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
គួរជម្រាបថា លោក ប្រាយុទ្ធ បានឡើងក្តោបអំណាចដឹកនាំប្រទេសថៃ តាមរយៈការធ្វើរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលកាលនោះរូបលោកនៅជាប្រមុខកងទ័ពថៃ ហើយចាប់ពីពេលនោះមក លោកក៏បានបង្កើតរដ្ឋាភិបាលមួយ ដែលពុំបានឆ្លងកាត់ការបោះឆ្នោតជ្រើសរើសពីរាស្រ្តឡើយ។ សម្រាប់ការបោះឆ្នោតឆ្នាំក្រោយនេះ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវគេរំពឹងថា នឹងអាចក្លាយបេក្ខភាពនាយករដ្ឋមន្រ្តី នៃគណៈបក្ស Palang Pracharath ដែលបង្កើតឡើងដោយមន្រ្តីមួយចំនួននៅក្នុងជួររដ្ឋាភិបាលរបស់លោកផ្ទាល់៕