(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានបញ្ជាក់ជំហរច្បាស់លាស់របស់លោក នៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកគ្មានមូលហេតុអ្វីត្រូវឃុំខ្លួនជនជាតិរុស្ស៊ីម្នាក់ឈ្មោះ ម៉ារៀ ប៊ូទីណា (Maria Butina) ក្រោមបទចោទប្រកាន់ថា នាងជាអ្នកស៊ើបការណ៍សម្ងាត់ឲ្យទីក្រុងម៉ូស្គូនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯវិមានក្រឹមឡាំងនាថ្ងៃព្រហស្បតិ៍នេះ លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមិនយល់សោះ តើនាង (Butina) អាចសារភាពកំហុសពីអ្វីទៅ បើនាងមិនបានជាប់ពាក់ព័ន្ធអ្វី នៅក្នុងកាតព្វកិច្ចជាមួយរដ្ឋាភិបាលម៉ូស្គូផងនោះ...។ ខ្ញុំហ៊ានធានាថា នាងបានយល់ព្រមសារភាពកំហុសនោះ គឺព្រោះតែនាងបានរងការគំរាមកំហែងថា នឹងត្រូវជាប់ពន្ធនាគារពី ១២-១៥ឆ្នាំ...។ នាងនឹងមេធាវីការពារក្តីរបស់នាង កំពុងតែតតាំងជុំវិញរឿងក្តីនេះដើម្បីអាចរួចខ្លួនពីពន្ធនាគារ ព្រោះវាគ្មានហេតុផលអ្វីដែលនាងត្រូវស្ថិតនៅទីនោះឡើយ...»។
ក្រៅពីការលើកឡើងខាងលើនេះ លោក ពូទីន ក៏បានស្នើសុំផងដែរឲ្យតុលាការអាមេរិក ដោះស្រាយរឿងក្តីនេះឲ្យបាន ដើម្បីរក្សាកិត្តិយសតុលាការខ្លួនឯង ហើយរុស្ស៊ីនឹងអង្កេតលើរឿងនេះជានិច្ច ព្រមទាំងនឹងចូលខ្លួនជួយនាង Butina ប្រសិនបើអាចទៅរួច។ នាង Butina ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនប៉ុន្មានខែមកហើយ ខណៈដែលទំនាក់ទំនងប្រទេសមហាយក្សយោធាទាំងពីរ កាន់តែតានតឹងខ្លាំងឡើងៗចាប់តាំងពីចុងអាណត្តិដឹកនាំ របស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ តុលាការអាមេរិកបានប្រកាសថា នាង Butina បានសារភាពនូវកំហុសរបស់នាង ដោយទទួលស្គាល់ខ្លួនឯងគឺជាចារនារីរុស្ស៊ី ដែលចូលមកស៊ើបការណ៍សម្ងាត់នៅអាមេរិក។ យោងតាមច្បាស់អាមេរិក ប្រសិនបើនាងមិនព្រមសារភាពដោយខ្លួនឯងនោះទេ ហើយក្រោយមកតុលាការរកឃើញថា នាងពិតជាបានប្រព្រឹត្តអំពើចារកម្មឲ្យរុស្ស៊ី ដូចការចោទប្រកាន់មែននោះ នាងនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ប៉ុន្តែក្នុងករណីដែលនាងព្រមសារភាពបែបនេះ នាងនឹងត្រូវសម្រេចផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារតែ ០៥ឆ្នាំប៉ុណ្ណោះ៕