(កាណាដា)៖ យោធាកាណាដាបានអះអាងថា អាកាសយានិកចិនបានលូកលាន់ចូលទៅក្នុងកិច្ចសន្ទនានៃក្រុមអាកាសយានិក នៅលើយន្តហោះអង្កេតការណ៍របស់កាណាដា ដែលប្រការនេះក៏ធ្លាប់ត្រូវបានគេអះអាងថា បានកើតមានឡើងចំពោះយន្តហោះ ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ផងដែរ ខណៈប្រទេសចិន និងកាណាដា កំពុងតែប្រឈមមុខភាពតានតឹងខ្លាំងជាមួយគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
ប្រធាននៃទីបញ្ជាការការពារជាតិកាណាដា លោកឧត្តមសេនីយ៍ ចូណាថាន់ វ៉ាន់ស៍ (Jonathan Vance) បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា «ការហោះហើររបស់យើងត្រូវបានរំខាននៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ ដោយអាយានិកចិនបានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ទៅកាន់អាកាសយានិករបស់យើង»។ លោក វ៉ាន់ស៍ បានបន្តទៀតថា ក្រោយកើតមានការអុកឡុកនេះ មន្ត្រីក្រសួងការពារជាតិកាណាដា បានធ្វើការទាក់ទងដោយផ្ទាល់ទៅកាន់ក្រុមបញ្ជាការទ័ពអាកាសចិននៅក្នុងតំបន់នោះ ប៉ុន្តែពុំទាន់មានការបកស្រាយណាមួយឡើយ ពីសំណាក់ភាគីចិនមកទល់នឹងពេលនេះ។
បើតាមការបញ្ជាក់ពីមន្ត្រីយោធាកាណាដា នេះមិនមែនជាលើកទីមួយឡើយ ដែលយន្តហោះមកពីតំបន់ផ្សេងត្រូវបានគេរាយការណ៍ថា បានទទួលរងការលុកលុយតាមរយៈកិច្ចសន្ទនាដោយក្រុមអាកាសយានិកចិន ជ្រៀតចូលមកកាន់ប្រព័ន្ធវិទ្យុទាក់ទងរបស់ពួកគេ ពេលកំពុងធ្វើការបញ្ជាយន្តហោះនោះ។ កាណាដាបានចាត់ទុកថា វាគឺជាទង្វើមិនសមរម្យរបស់ចិន ដែលបានបង្កផលប៉ះពាល់ដល់សេរីភាព នៃការធ្វើចរាចរណ៍ក្នុងតំបន់របស់អន្តរជាតិ។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតមានឡើង តាំងតែពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះម្ល៉េះ ដោយយន្តហោះរបស់កាណាដាប្រភេទ CP-140 Aurora ត្រូវបានបញ្ជាឲ្យហោះហើរពីលើតំបន់ដែនទឹករបស់កូរ៉េខាងជើង ដើម្បីអង្កេតមើលពីការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ទៅលើប្រទេសសម្ព័ន្ធមិត្តចិនមួយនេះ ប៉ុន្តែមន្ត្រីយោធាជាន់ខ្ពស់របស់កាណាដា ទើបតែបង្ហើបឲ្យដឹងនៅចំពេលដែលប្រទេសធំៗទាំងពីរគឺចិន និងកាណាដា កំពុងតែតម្លើងសាច់ដុំដាក់គ្នា៕