(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Bloomberg បានរាយការណ៍ថា រដ្ឋាភិបាលតួកគីបានស្នើឱ្យអ្នកបច្ចេកទេសអាមេរិក ធ្វើការសិក្សាលើប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ដើម្បីគ្រប់គ្រងផលប៉ះពាល់ដល់ទំនាក់ទំនងរវាងទីក្រុងអង់ការ៉ា និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
សារព័ត៌មាន Bloomberg ផ្អែកលើប្រភពចំនួនពីរដែលដឹងពីបញ្ហានេះ បានឱ្យដឹងទៀតថា សភាអាមេរិកទាំងពីរបានបន្ធូរបន្ថយការជំទាស់ ទៅនឹងការលក់ប្រព័ន្ធមីស៊ីល Patriot ថ្លៃជាង ៣.៥ពាន់លានដុល្លារ ដើម្បីបញ្ចុះបញ្ចូលឱ្យតួកគីប្ដូរចិត្តលុបចោលគម្រោងទិញ S-400 ពីរុស្ស៊ី។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋបាលលោក ដូណាល់ ត្រាំ ក៏បានព្រមានដែរថា តួកគីមិនអាចគេចពីការដាក់ទណ្ឌកម្មឡើយបើនៅតែរឹងរូសទិញ S-400 ពីរុស្ស៊ី។
គួរបញ្ជាក់ថា ជាប្រតិកម្មទៅនឹងសេចក្ដីរាយការណ៍របស់ Bloomberg អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាន អះអាងថា ផ្អែកលើកិច្ចព្រមព្រៀងរវាងតួកគី និងរុស្ស៊ី ទិន្នន័យ ឬបច្ចេកវិទ្យាសំងាត់របស់ S-400 មិនអាចត្រូវបញ្ចេញមកក្រៅជាដាច់ខាត ហើយថារុស្ស៊ីជឿជាក់លើតួកគីថា នឹងមិនធ្វើដូច្នេះឡើយ។ ដោយឡែកសហរដ្ឋអាមេរិក និងតួកគី មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយ ចំពោះសេចក្ដីរាយការណ៍របស់ Bloomberg៕