(សេអ៊ូល)៖ សហរដ្ឋអាមេរិកគួរតែបោះបង់ចោលការបង្ខំឱ្យកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែរតាមរយៈការដាក់សម្ពាធ និងការ គាបសង្កត់។ នេះបើតាមសារព័ត៌មាន KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
សារព័ត៌មាន KCNA ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍។ សារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះបានលើកឡើងដូច្នេះថា៖ «កូរ៉េខាងជើងបដិសេធរាល់ការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យមានការរំសោយ អាវុធនុយក្លេអ៊ែរឯកតោភាគី...ហើយទីក្រុងវ៉ាស៊ីនតោនគួរតែបោះបង់ចោលការបង្ខំឱ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួនតាមរយៈការដាក់សម្ពាធ និងការគាបសង្កត់»។ បន្ថែមពីលើនេះ KCNA បញ្ជាក់ទៀតថាការរំសាយអាវុធនុយក្លេអ៊ែរ មិនមែន សំដៅតែទៅលើកូរ៉េខាងជើងនោះទេ ពោលគឺសហរដ្ឋអាមេរិកក៏ត្រួវលុបបំបាត់ការគម្រាមកំហែងនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ផងដែរ។
គួរជម្រាបថា សហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានព្រមព្រៀងគ្នារំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ក្រោយជំនួបរវាង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនា កន្លងទៅ។ ប៉ុន្តែ ការរំសាយអាវុធនុយក្លេអ៊ែរមិនមានភាពរីកចំរើនទាល់តែ រីឯសហរដ្ឋអាមេរិកវិញ ក៏មិនព្រមបន្ធូរបន្ថយការដាក់ ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង រហូតទាល់តែអាវុធនុយក្លេអ៊ែរត្រូវរំសាយចោលទាំងស្រុងជាមុនសិន។
តែយ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ នៅតែអះអាងដដែលថារដ្ឋបាលរបស់លោកបានទទួលជោគជ័យយ៉ាងធំធេងជាង រដ្ឋបាលអាមេរិកមុនៗ ដោយសារតែកូរ៉េខាងជើងបានបញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ មិនតែប៉ុណ្ណោះ លោកត្រាំ ថែមទាំងសង្កត់ធ្ងន់ទៀតថាទីក្រុងព្យុងយ៉ាងលែងក្លាយជាការគម្រាមកំហែងនុយក្លេអ៊ែរទៀតហើយ ស្របពេលដែល លោករំពឹងថាអាចនឹងជួបលោក គីម ជុងអ៊ុន ជាលើកទី២ នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ៕