(ប៊ុយណូសអ៊ែរែស)៖ គ្រោងឆ្អឹងស្ទើរតែពេញលេញទាំងស្រុង នៃសត្វល្មូនសមុទ្រផុតពូជកាលពីសម័យដាយណូស័រ ត្រូវបានដាក់តាំងបង្ហាញនៅរដ្ឋធានីប៊ុយណូសអ៊ែរែស (Buenos Aires) ប្រទេសអាហ្សង់ទីន នាថ្ងៃពុធសប្តាហ៍នេះ ក្រោយពីវាត្រូវបានរកឃើញជាលើកដំបូងនៅភាគខាងត្បូងប្រទេសអាមេរិកឡាទីននេះ កាលពី០៩ឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
គ្រោងឆ្អឹងនៅមានសភាពយ៉ាងល្អ នៃសត្វល្មូនសមុទ្រក៏វែងដែលផុតពូជនេះ ត្រូវគេវាស់វែងដឹងថា មានបណ្តោយប្រវែង០៨ម៉ែត្រ និងទទឹង០៤ម៉ែត្រ ហើយកំពុងត្រូវដាក់តាំងបង្ហាញនៅឯសារមន្ទីរធម្មជាតិវិទ្យាសាស្រ្ត Bernardino Rivadavia ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
គួរជម្រាបថា សត្វរស់នៅក្នុងសមុទ្រនេះត្រូវគេហៅថា «ផ្លេស៊ីអូសូរៀ (Plesiosauria)» បានផុតពូជបាត់ពីផែនដីកាលពី៦៥លានឆ្នាំមុន។ ដោយសារគ្រោងឆ្អឹងខាងលើនៅមានសភាពល្អបែបនេះ មិនដូចជាគ្រោងឆឹ្អងដែលរកឃើញនៅតំបន់ឯទៀតៗជុំវិញពិភពលោក ក្រុមអ្នកស្រាវជ្រាវនឹងមានឱកាសស្វែងយល់បន្ថែមកាន់តែច្រើនពីសត្វល្មូនសមុទ្រដ៏ធំនេះ៕