(កាលីហ្វ័រញ៉ា)៖ ម្ដាយជាជនជាតិយ៉េមែនរបស់ក្មេងប្រុសម្នាក់ដែលកំពុងជិតផុតដង្ហើម បានធ្វើដំណើរទៅដល់រដ្ឋកាលីហ្វ័រញ៉ា ហើយ ដើម្បីមើលមុខកូនប្រុសជាលើកចុងក្រោយ ក្រោយមានការអនុញ្ញាតពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
លោកស្រី Shaima Swileh ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសអេហ្ស៊ីប កាលពីដំបូងត្រួវបានហាមឃាត់ចូលសហរដ្ឋអាមេរិក ខណៈលោកស្រីចង់ឃើញមុខកូនប្រុសដែលកំពុងឈឺធ្ងន់ជាលើកចុងក្រោយ។ កូនប្រុសលោកស្រីឈ្មោះ Abdullah Hassan មានអាយុ២ឆ្នាំ កើតមកមានជំងឺខួរក្បាលធ្ងន់ធ្ងរ រហូតដល់គ្រូពេទ្យអះអាងថារួបគេមិនអាចរស់នៅបានយូរឡើយ។ ប៉ុន្តែ ក្រោយមានការអំពាវនាវនៅលើបណ្ដាញទំនាក់ទំនងសង្គម ក្រសួងការបរទេសអាមេរិកបានអនុញ្ញាតឱ្យលោកស្រី Swileh ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើតាមក្រុមប្រឹក្សាទំនាក់ទំនងអាមេរិក-អ៊ីស្លាម (CAIR)។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាកាលពីឆ្នាំ២០១៧កន្លងទៅ ដោយហាមប្រជាជនមកពី ប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង វេណេស៊ុយអេឡា លីប៊ី សូម៉ាលី ស៊ីរី និងយ៉េមែន ចូលក្នុងសហរដ្ឋអាមេរិក៕