(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តពង្រឹងទំនាក់ទំនងវិស័យសន្តិសុខជាមួយប៊ុលហ្គារីឲ្យកាន់តែខ្លាំងក្លារឹងមាំថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសអាមេរិក លោក Pompeo បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក Boyko Borissov នាថ្ងៃអង្គារសប្តាហ៍នេះ ដោយសង្គត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន នឹងប្តេជ្ញាសហការគ្នាជិតស្និទ្ធដើម្បីកែសម្រួលកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងអាមេរិក F-16 ឲ្យស្របទៅតាមតម្រូវការរបស់ប៊ុលហ្គារី។
យោងតាមការបញ្ជាក់ពីលោក Pompeo សហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកសន្តិសុខក្នុងទឹកប្រាក់ជាង២០០លានដុល្លារទៅកាន់ប្រទេសប៊ុលហ្គារី ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ហើយនឹងនៅតែបន្តផ្តល់អាទិភាពលើការវិនិយោគជាមួយប្រទេសអឺរ៉ុបភាគអាគ្នេយ៍នេះ។
គួរជម្រាបថា ជារឿយៗទីក្រុងម៉ូស្គូ បានចោទអង្គការ NATO ជុំវិញការបង្កើនវត្តមានយោធានៅតំបន់អឺរ៉ុបខាងកើត រួមមានការបង្កើនចំនួនកងទ័ពក្នុងបណ្តារដ្ឋបាល់ទិច ប៉ូឡូញ រ៉ូម៉ានី និងប៊ុលហ្គារី ដោយយកលេសថា នឹងអាចមានសកម្មភាពឈ្លានពានពីរុស្ស៊ី៕