(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងជនជាតិរុស្ស៊ី ១៨នាក់ និងអង្គភាពរុស្ស៊ីចំនួន ០៤ ជុំវិញការលូកដៃចូលកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
ក្រសួងរតនាគារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែរថា ជនជាតិរុស្ស៊ី ១៥នាក់ក្នុងចំណោម ១៨នាក់ គឺជាសមាជិកដ៏សំខាន់នៃទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី ដែលមានជាប់ពាក់ព័ន្ធនឹងការលូកដៃចូលក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ក៏ដូចជាការរំលោភបំពានលើបទដ្ឋានអន្តរជាតិ។ បន្ថែមពីលើនេះសហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើអង្គភាពរុស្ស៊ីចំនួន ០៤ផងដែរ សម្រាប់ការជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោត និងនយោបាយនៃបណ្ដាប្រទេសដទៃ នៅលើពិភពលោក។
គួរបញ្ជាក់ថា ផ្អែកលើទណ្ឌកម្មថ្មីនេះរាល់កម្មសិទ្ធិ ឬទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី ១៨នាក់ និងអង្គភាពចំនួន ០៤ នឹងត្រូវបង្កក ហើយប្រជាជនអាមេរិកត្រូវហាមឃាត់ ក្នុងការធ្វើកិច្ចព្រមព្រៀងណាមួយជាមួយនឹងពួកគេ ខណៈមកទល់នឹងពេលនេះរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ី ២៧២នាក់ រួមទាំងអង្គភាពជាច្រើន៕