(វ៉ាស៊ីនតោន)៖ ការរុករកមើលផ្កាយឆ្ងាយៗអាចនិយាយបានថា ជារឿងងាយស្រួលគួរសមសម្រាប់អ្នកវិទ្យាសាស្រ្ត ដោយសារតែបច្ចេកវិទ្យាតេឡេស្កូបសម័យទំនើប ប៉ុន្តែការស្វែងរកផ្កាយដែលកំពុងស្ថិតក្នុងដំណាក់កាលខុសៗគ្នា នៃដំណើរជីវិតរបស់ពួកវា នៅតែជាបញ្ហាប្រឈមមួយដ៏លំបាកទៅវិញ។ ផ្កាយទើបរកឃើញថ្មីហៅថា Gaia 17bpi កំពុងផ្តល់ឱកាសកម្រមួយសម្រាប់ឲ្យអ្នកវិទ្យាសាស្រ្ត ធ្វើការអង្កេតមើលផ្កាយវ័យជំទង់ ឆ្លងកាត់ដំណាក់កាលប្រែប្រួលយ៉ាងរហ័ស។ នេះបើតាមការវែបសាយផ្លូវការរបស់ NASA JPL ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
ផ្កាយរណប Gaia 17bpi កំពុងឆ្លងកាត់ដំណាក់ប្រែប្រួល និងលូតលាស់ក្នុងកម្រិតយ៉ាងឆាប់រហ័ស ដែលជារឿងកម្រមែនទែនសម្រាប់អ្នកវិទ្យាសាស្រ្តអាចអង្កេតឃើញបែបនេះ។ ផ្កាយមួយនេះ ត្រូវគេប៉ាន់ប្រមាណថា មានអាយុកាលត្រឹមតែប៉ុន្មានលានឆ្នាំប៉ុណ្ណោះ ដែលជាវ័យដ៏ក្មេងខ្ចីសម្រាប់ផ្កាយនៅក្នុងកាឡាក់ស៊ីមួយ ប៉ុន្តែវាកំពុងកើនម៉ាស់ក្នុងកម្រិតយ៉ាងឆាប់រហ័សផងដែរ។
នៅពេលដែលផ្កាយឆ្លងកាត់ដំណាក់កាលវិវត្តខ្លាំងបែបនេះ ជាទូទៅគឺពិបាកនឹងប្រទះឃើញណាស់ ពីព្រោះថាពួកវាជារឿយៗត្រូវបានហ៊ុមព័ទ្ធដោយដណ្តុំពពក និងធូលីអវកាសធំៗ។ ដូច្នេះហើយការមានឱកាសអង្កេតមើលផ្កាយនៅចំពេលវាប្រែប្រួលលូតលាស់ គឺជារឿងដ៏ពិសេសសម្រាប់អ្នកវិទ្យាសាស្រ្ត ដោយសារតែព្រឹត្តិការណ៍បែបនេះតែមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវបានកត់ត្រាទុក។
គួរជម្រាបថា អ្នកវិទ្យាសាស្រ្តអាចអង្កេត និងសិក្សាលើផ្កាយ Gaia 17bpi គឺដោយសារកិច្ចប្រឹងប្រែងរួមរវាងឧបករណ៍បច្ចេកវិទ្យាខ្លាំងៗចំនួន ០២ នោះគឺកែវយឺតអវកាស Gaia របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ដែលជាអ្នកប្រទះឃើញវា ខណៈកែវយឺតអវកាស NEOWISE របស់អង្គការ NASA បានតម្រង់ទិសឆ្លុះចំផ្កាយនោះតែម្តង នៅពេលវាចាប់ផ្តើមបញ្ចេញពន្លឺខ្លាំង។ ក្រោយមកទៀត កម្រងទិន្នន័យបានមកពីកែវយឺតអវកាស Spitzer របស់ NASA ក៏ត្រូវបានត្រួតពិនិត្យដើម្បីរកមើលតំរុយនៃផ្កាយ Gaia 17bpi ហើយសំណាងល្អ តំរុយនៃការកើនពន្លឺនៃផ្កាយតែមួយដូចគ្នា ត្រូវបានមើលឃើញកាលពីមួយឆ្នាំមុន៕