កាសែតអាមេរិក៖ Facebook លួចលក់ទិន្នន័យអ្នកប្រើប្រាស់រាប់ពាន់លាននាក់ ទៅឲ្យក្រុមហ៊ុនបរទេសធំៗ! (Video Inside)
20-12-2018 11:03
(វ៉ាស៊ីនតោន)៖ សេចក្តីរាយការណ៍ដ៏រសើបមួយ របស់សារព័ត៌មានអាមេរិក New York Times បានរកឃើញថា ដោយផ្ទុយពីការអះអាងរបស់ Facebook ក្រុមហ៊ុនបណ្តាញសង្គមនេះរកចំណូលបានយ៉ាងក្រាស់ក្រែល ពីការលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ប្រមាណ ២.២ពាន់លាននាក់របស់ខ្លួនទៅឲ្យក្រុមហ៊ុនដទៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅចំពោះមុខសភាអាមេរិកកាលពីខែមេសា លោក ម៉ាក ហ្សាក់ខែប៊ឺក (Mark Zuckerberg) ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) របស់ Facebook បានអះអាងយ៉ាងដូច្នេះថា «យើងមិនលក់ទិន្នន័យទៅឲ្យនរណាម្នាក់ឡើយ»។ បើតាមការស៊ើបអង្កេតរបស់កាសែត New York Times ក្រុមហ៊ុន Facebook បានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយក្រុមហ៊ុនជាង ១៥០ ដោយក្នុងនោះក្រុមហ៊ុនខ្លះអាចទទួលបានទិន្នន័យសូម្បីតែអ្នកប្រើប្រាស់ មិនចែករំលែកទិន្នន័យនោះក៏ដោយ។
គួរជម្រាបថា បើតាម New York Times ការព្រមព្រៀងចែករំលែករវាង Facebook និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅតំបន់ ស៊ីលីខុន វ៉ាលឡេយ (Silicon Valley) បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១០ មកម្ល៉េះ៕