(កាណាដា)៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយថា លោកពិតជាមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពរបស់ជនជាតិកាណាដាទី ៣ ដែលកំពុងជាប់ឃុំនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
ការចាប់ខ្លួនជនជាតិកាណាដាទី ៣ នេះបានកើតមានឡើងនៅចំពេលកាណាដា និងចិនកំពុងមានជម្លោះការទូតនឹងគ្នា ក្រោយអាជ្ញាធរកាណាដាចាប់ខ្លួនកូនស្រីម្ចាស់ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ាចូវ (Meng Wanzhou) តាមសំណើរបស់សហរដ្ឋអាមេរិក ហើយដែលក្រោយមកកាណាដាបានព្យាយាមបន្ថយកម្តៅ ដោយព្រមឲ្យលោកស្រីនៅក្រៅឃុំ។ តែយ៉ាងណាក៏ដោយមកទល់នឹងពេលនេះ រដ្ឋាភិបាលកាណាដាមិនអាចបញ្ជាក់ព័ត៌មានលម្អិតអ្វីឡើយ ពាក់ព័ន្ធនឹងជនជាតិកាណាដាទី ៣ នោះ។
គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុន ចិនបានឃុំខ្លួនជនជាតិកាណាដា ០២នាក់ផងដែរ គឺអតីតមន្ត្រីទូតកាណាដា លោក ម៉ៃខឺល កូវរីក (Michael Kovrig) និងពាណិជ្ជកម្មករ លោក ម៉ៃខឺល ស្ប៉ាវ័រ (Michael Spavor) ក្រោមបទចោទប្រកាន់ថា អ្នកទាំងពីរបានធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិរបស់ចិន។
ម្យ៉ាងវិញទៀត បើទោះជាទីក្រុងប៉េកាំងអះអាងថា ការចាប់ខ្លួននេះមិនមានជាប់ទាក់ទិននឹងលោកស្រី Meng Wanzhou ដែលត្រូវបានអាជ្ញាធរកាណាដាចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ក្នុងទីក្រុងវែនខូវើ (Vancouver) ក៏ដោយ ប៉ុន្តែអ្នកជំនាញខ្លះសន្និដ្ឋាននេះគឺជាការសងសឹករបស់ចិន ក្រោយព្រមានកាណាដាពីផលវិបាកធ្ងន់ធ្ងរ បើមិនព្រមផ្តល់សេរីភាពពេញលេញឲ្យនាយកហិរញ្ញវត្ថុ Huawei លោកស្រី Meng Wanzhou ទេនោះ៕