(ប៉េកាំង)៖ ពេលនិយាយដល់ការធ្វើកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន សហគមន៍អន្តរជាតិតែងតែប្រើពាក្យ «ភាពអស្ចារ្យរបស់ប្រទេសចិន» ជាការវាយតម្លៃជាទូទៅ។ តើភាពអស្ចារ្យមួយនេះ បង្កើតឡើងយ៉ាងដូចម្ត៉េច? តើវាបាននាំមកអ្វីខ្លះដល់ប្រទេសចិន និងទូទាំងពិភពលោក?
នៅក្នុងមហាសនិ្នបាតអបអរសាទរខួបទី ៤០ នៃការអនុវត្តគោលនយោបាយកំណែទម្រង់ និងបើកទូលាយ ដែលចិនបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១៨ ខែធ្នូ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ។
លោកបានធ្វើការបូកសរុបនូវប្រវត្តិសាស្ត្រ សមិទ្ធផល អត្ថន័យ និងបទពិសោធន៍ដែលប្រទេសចិនទទួលបានក្នុងអំឡុងពេល ៤០ឆ្នាំកន្លងមក បន្ទាប់ពីចាប់ផ្តើមធ្វើកំណែទម្រង់ និងការបើកទូលាយដោយគ្រប់ជ្រុងជ្រោយ តាមរយៈ ១០ វិស័យជាក់ស្តែងនោះគឺទ្រឹស្តីគំនិត ការកសាងសេដ្ឋកិច្ច នយោបាយប្រជាធិបតេយ្យ ការអភិវឌ្ឍវប្បធម៌ ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន ការការពារបរិស្ថាន ការការពារជាតិ និងទំនើបភាវូបនីយកម្មនៃកងទ័ព ការបង្រួបបង្រួមជាតិដោយសន្តិភាព ការទូតដោយសន្តិភាព និងការកសាងបក្ស។
លោកបានបំផុសឲ្យមានការជំរុញឲ្យប្រទេសចិន បន្តឈានទៅមុខតាមរយៈការធ្វើកំណែទម្រង់ និងការបើកទូលាយក្នុងយុគសម័យថ្មីខាងមុខនេះផងដែរ។ នៅពេលពិភពលោកសម្លឹងមើលការផ្លាស់ប្តូរក្នុងរយៈពេល ៤០ឆ្នាំ នៃកំណែទម្រង់ និងការបើកទូលាយរបស់ចិននេះ គឺមិនពិបាកក្នុងការស្វែងយល់ពីមោទនភាពក្នុងចិត្ត របស់ប្រជាជនចិននាពេលបច្ចុប្បន្ននេះទេ គឺប្រទេសចិនបានក្លាយទៅជា តួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក ប្រទេសឧស្សាហកម្មធំទីមួយ និងប្រទេសពាណិជ្ជកម្មទំនិញធំទីមួយ ដែលមានអត្រារួមចំណែកក្នុងកំណើនសេដ្ឋកិច្ចពិភពលោកលើសពី ៣០ភាគរយ។
នាពេលបច្ចុប្បន្ន ប្រទេសចិនបានក្លាយទៅជាអ្នកកសាងសន្តិភាពពិភពលោក អ្នករួមចំណែកចំពោះការអភិវឌ្ឍសកល និងជាអ្នកគាំពាររបៀបរៀបរយអន្តរជាតិ ដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ។ ប្រទេសចិនប្រើតែរយៈពេល ៤០ឆ្នាំប៉ុណ្ណោះក៏មានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រទាំងនេះ។ លោក ស៊ី ជីនភីង បានបូកសរុបនូវបទពិសោធន៍ដ៏មានតម្លៃ ដែលប្រទេសចិនទទួលបានពីកំណែទម្រង់ និងការបើកទូលាយ ៤០ឆ្នាំ ហើយក៏តម្រូវឲ្យក្លាយជាគោលការណ៍ណែនាំដ៏សំខាន់បំផុត ដែលត្រូវតែប្រកាន់ខ្ជាប់ដើរឈានទៅមុខនាពេលអនាគតនៃប្រទេសចិន។
បទពិសោធន៍ដ៏មានតម្លៃទាំងនេះរួមមាន ការត្រូវតែប្រកាន់ខ្ជាប់នូវការដឹកនាំនៃបក្សកុម្មុយនិស្តចិនក្នុងការងារទាំងអស់ ត្រូវតែយកប្រជាជនជាស្នូល ត្រូវតែដឹកនាំដោយម៉ាក្សនិយម ដើរតាមផ្លូវនៃសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិន ក៏ដូចជាកែលម្អ និងអភិវឌ្ឍប្រព័ន្ធសង្គមនិយមដែលមានលក្ខណៈពិសេសរបស់ចិន និងប្រកាន់ខ្ជាប់នូវការចាត់ទុកការអភិវឌ្ឍជាភារកិច្ចចម្បង ហើយពង្រីកការបើកទូលាយ និងគ្រប់គ្រងគណបក្សយ៉ាងតឹងរឹង ព្រមទាំងដោះស្រាយឲ្យបានត្រឹមត្រូវនូវបញ្ហានៃកំណែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាពជាដើម។
គ្មានការសង្ស័យណានោះទេ បទពិសោធដ៏មានតម្លៃទាំង ០៩នេះ គួរតែជា «លេខកូដសម្ងាត់នៃភាពជោគជ័យ» នៃកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន ដែលត្រូវបានសហគមន៍អន្តរជាតិចាប់អារម្មណ៍បំផុត។ ក្នុងនោះប្រទេសកំពុងអភិវឌ្ឍន៍អាចរៀនសូត្រពីបទពិសោធន៍របស់ចិន ក្នុងការដោះស្រាយទំនាក់ទំនងរវាងកំណែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាព។
ឆ្លងកាត់រយៈពេល ៤០ឆ្នាំ ការធ្វើកំណែទម្រង់ និងការបើកទូលាយរបស់ចិននាពេលបច្ចុប្បន្ននេះ ស្ថិតនៅចំណុចចាប់ផ្តើមថ្មីមួយជាប្រវត្តិសាស្ត្រ ពោលគឺ សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានលើកឡើងនូវគោលដៅកាន់តែខ្ពស់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ចិន នេះម្យ៉ាង។ ម្យ៉ាងវិញទៀត ការការពារនិយម និងឯកតោភាគីនិយមបានកើនឡើងក្នុងក្របខ័ណ្ឌពិភពលោក ធ្វើឲ្យប៉ះពាល់ដល់ដំណើរសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ច ។
ប្រជាជនចិនបានដឹងច្បាស់ថា ការជំរុញការអភិវឌ្ឍកំណែទម្រង់ គឺពឹងផ្អែកទៅលើទំនុកចិត្ត និងការតស៊ូប្រយុទ្ធ ។ ក្នុងរយៈពេល ៤០ឆ្នាំ ឬយូរជាងនេះទៅទៀតនាពេលអនាគត ប្រទេសចិននឹងធ្វើប្រតិបត្តិការជាក់ស្តែងដើម្បីបញ្ជាក់ថា ប្រទេសចិនបែបច្នៃប្រឌិតថ្មីដែលបើកទូលាយ និងប្រកបដោយបរិយាប័ន្ន និងទំនុកចិត្ត ច្បាស់ជានឹងនាំមកនូវភាពអស្ចារ្យកាន់តែខ្លាំងដល់ពិភពលោក ៕