ក្រុមអ្នកនយោបាយអាមេរិក ខឹងសម្បារចំពោះលោក ត្រាំ ដែលសម្រេចដកទ័ពពីស៊ីរី ដោយពួកគេចង់ឲ្យប្តូររបបដឹកនាំ អាស្សាដ និងកុំឲ្យរុស្ស៊ីក្រសោបស៊ីរីទាំងមូល... (Video Inside)
20-12-2018 09:48
(ម៉ូស្គូ)៖ ការសម្រេចចិត្តដកទ័ពចេញទាំងស្រុងពីប្រទេសស៊ីរី របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កជាការខឹងសម្បារយ៉ាងខ្លាំង នៅក្នុងចំណោមអ្នកនយោបាយអាមេរិកមួយចំនួន ដែលចង់ឃើញការផ្លាស់ប្ដូររបបដឹកនាំនៅស៊ីរី។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាស ដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរីដោយអះអាងថា ISIS ត្រូវបានកម្ចាត់ ខណៈប្រព័ន្ធផ្សព្វផ្សាយនានាបានរាយការណ៍ថា កងទ័ពអាមេរិកប្រមាណ ២,០០០នាក់ ដែលកំពុងឈរជើងនៅនៅស៊ីរី នឹងត្រូវដកចេញនៅរយៈពេល ៦០ថ្ងៃ ឬក៏ ១០០ថ្ងៃខាងមុខទៀតនេះ។ ប៉ុន្តែការសម្រេចចិត្តនេះ បានបណ្ដាលឱ្យអ្នកនយោបាយអាមេរិកមួយចំនួន ដែលចង់ឃើញការផ្លាស់ប្ដូររបបដឹកនាំនៅស៊ីរីបច្ចុប្បន្នខឹងសម្បារយ៉ាងខ្លាំង ហើយថែមទាំងចាត់ទុកដែរថា ការដកកងទ័ពនេះមានន័យស្មើនឹងបោះបង់ស៊ីរីឱ្យទៅរុស្ស៊ី និងអ៊ីរ៉ង់។
គួរបញ្ជាក់ថា ក្រៅតែពីប្រកាសដកកងទ័ព លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់លម្អិតពីវិធានការបន្ទាប់ដែលត្រូវអនុវត្តន៍នោះទេ។ ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះគឺ បើសិនជាទីក្រុងវ៉ាស៊ីនតោនដកកងទ័ពចេញមែន នោះរុស្ស៊ី និងអ៊ីរ៉ង់ រួមទាំងសម្ព័ន្ធមិត្តរបស់ពួកគេនឹងកាន់តែមានឥទ្ធិពល នៅក្នុងតំបន់មជ្ឈិមបូព៌ា៕