(អាហ្រ្វិកខាងត្បូង)៖ រដ្ឋអាជ្ញាអាហ្រ្វិកខាងត្បូង នៅថ្ងៃពុធនេះ បានចេញដីកាឃាត់ខ្លួនភរិយាអតីតប្រធានាធិបតីហ្ស៊ីមបាវ៉េ គឺលោកស្រី Grace Mugabe ពីបទប្រព្រឹត្តអំពើហិង្សាលើអតីតតារាម៉ូឌែលស្រីម្នាក់កាលពីឆ្នាំ២០១៧។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ការចេញដីការឃាត់ខ្លួនលោកស្រី Grace Mugabe ធ្វើឡើងបន្ទាប់ពីតុលាការអាហ្វ្រិកខាងត្បូង លុបចោលអភ័យឯកសិទ្ធិការទូត របស់លោកស្រីកាលពីខែកក្កដាកន្លងទៅ។ ប៉ុន្តែទន្ទឹមគ្នា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ក៏ទទួលរងការរិះគន់យ៉ាងខ្លាំងផងដែរ​សម្រាប់ការបណ្ដោយឱ្យលោកស្រី Mugabe ចាកចេញពីប្រទេស។ ដោយឡែក ជុំវិញការចេញដីកាចាប់ខ្លួនភរិយាអតីត​ប្រធានាធិបតីហ្ស៊ីមបាវ៉េរូបនេះដែរ ប៉ូលិស​អាហ្វ្រិកខាងត្បូងបានអះអាងថាពួកគេនឹងស្នើសុំជំនួយពីប៉ូលិសអន្តរជាតិ Interpol។

គួរបញ្ជាក់ថា លោកស្រី Mugabe ត្រូវបានអតីតតារាម៉ូឌែលស្រីម្នាក់ឈ្មោះ Gabriella Engels ចោទប្រកាន់ថាបានយកដំបង ឆក់វាយដុំលើរូបនាងក្នុងបន្ទប់សណ្ឋាគារមួយនៅទីក្រុង Johannesburg កាលពីឆ្នាំ២០១៧៕