(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតក្រសួងការបរទេសអាមេរិក បានអនុម័តហើយលើការលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot មានតម្លៃ ជាង ៣.៥ពាន់លានដុល្លារ ឱ្យតួកគី ក្នុងចេតនាមួយដែលគេមើលឃើញថា ជាការបញ្ចុះបញ្ចូលទីក្រុងអង់ការ៉ាលុបចោលគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី៕
២៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ រីបាបកូវ (Sergey Ryabkov) បាននិយាយថា សហរដ្ឋអាមេរិកបានទទួលស្គាល់ចំពោះសម្រេចចិត្តដកខ្លួនចេញពីសន្ធិសញ្ញាកំណត់អានុភាពអាវុធមីស៊ីល-នុយក្លេអ៊ែរ រយៈចំងាយមធ្យម និងជិត ឬ INF បានដល់ទីបញ្ចប់ហើយ។ ប៉ុន្តែទន្ទឹមគ្នាលោកក៏បានព្រមានដែរថា ទីក្រុងម៉ូស្គូនឹងចាត់វិធានការឆ្លើយតប បើមីស៊ីលអាមេរិកត្រូវបានដំឡើងនៅលើទឹកដីអឺរ៉ុប៕
៣៖ ជនអន្តោប្រវេសន៍ហុងឌូរ៉ាស់ច្រើនជាង ៧,២០០នាក់ ដែលកំពុងព្យាយាមចូលមកកាន់សហរដ្ឋអាមរិក ក្នុងចំណោមជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាមេរិកកណ្ដាល បានស្ម័គ្រចិត្តត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញហើយ៕
៤៖ យោធាជើងទឹកអាមេរិក កំពុងធ្វើពិចារណាថា តើគួឬមិនគួរបញ្ជូនយន្តហោះប្រឆាំងនាវាមុជទឹកធុន P-8 Poseidon ទៅកាន់មូលដ្ឋាននៅឯរដ្ឋអាឡាស្កា ក្រោមកិច្ចប្រឹងប្រែងតាមឃ្លាំមើលឲ្យបានដិតដល់ លើសកម្មភាពរបស់ចិននិងរុស្ស៊ីនៅតំបន់ទឹកកកអាក់ទិក៕
៥៖ មន្រ្តីបេសកជនពិសេសទទួលបន្ទុកកិច្ចការកូរ៉េខាងជើងនៃសហរដ្ឋអាមេរិក នារសៀលថ្ងៃពុធនេះបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង ខណៈដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង កំពុងប្រឈមបញ្ហាលំបាកក្នុងការទម្លុះរកច្រកចេញពីភាពជាប់គាំងនៃកិច្ចចរចារវាងប្រទេសទាំងពីរ ដែលសំដៅបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរនៃប្រទេសកូរ៉េខាងជើង៕
៦៖ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) បានបើកការស៊ើបអង្កេតមួយ លើក្រុមហ៊ុនអាកាសចរណ៍ Virgin Australia Airline ជុំវិញឧប្បទ្ទវហេតុដ៏ធ្ងន់ធ្ងរមួយ នៅអាកាសយានដ្ឋានទីក្រុងកង់បេរ៉ា៕