(កង់បេរ៉ា)៖ ការិយាល័យសុវត្ថិភាព​ដឹកជញ្ជូន​អូស្ត្រាលី (ATSB) បានបើកការ​ស៊ើបអង្កេតមួយ លើក្រុមហ៊ុន​អាកាសចរណ៍ Virgin Australia Airline ជុំវិញឧប្បទ្ទវហេតុ​ដ៏ធ្ងន់ធ្ងរមួយ នៅ​អាកាសយានដ្ឋានទីក្រុង​កង់បេរ៉ា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។

ATSB បានប្រកាស​បើកការស៊ើបអង្កេត​លើក្រុមហ៊ុន Virgin ដែលជាក្រុមហ៊ុន​អាកាសចរណ៍ដ៏ធំមួយ​នៅអូស្រ្ដាលី បន្ទាប់ពីមានសេចក្ដីរាយការណ៍​ថា ម៉ាស៊ីនចំនួន០២នៃយន្ដហោះ ATR 72 របស់ខ្លួនមាន​អណ្ដាតភ្លើងឆេះចេញ​មកក្រៅ អំឡុងពេល​ចុះចត ក្នុងជើងហោះហើរ​មួយពីទីក្រុងស៊ីដនី ទៅកាន់ទីក្រុងកង់បេរ៉ា​កាលពី​ថ្ងៃទី១៣ ខែធ្នូ កន្លងទៅ។

គួរបញ្ជាក់ថា យន្ដហោះ ATR 72 ផ្ទុកអ្នកដំណើរ ៧៨នាក់ អំឡុងឧប្បទ្ទវេហេតុ​ខាងលើកើតឡើង ប៉ុន្តែមិនបានបណ្ដាឱ្យ មនុស្សណាម្នាក់រងរបួសធ្ងន់ធ្ងរ​នោះទេ។ ចំណែកឯ​យន្ដហោះនេះ​បានស្ថិតនៅក្នុងទីក្រុង​កង់បេរ៉ា រយៈពេលបីថ្ងៃ​បន្ទាប់ពី ហេតុការណ៍ឆេះ​ម៉ាស៊ីនកើតឡើង ហើយបានធ្វើប្រតិបត្តិការ​ឡើងវិញកាលពីថ្ងៃចន្ទ និងបញ្ចប់ជើង​ហោះហើរចំនួន ១១៕