(បាកដាដ)៖ យោធាសហរដ្ឋអាមេរិក ត្រូវគេរាយការណ៍ថា បានបោះមូលដ្ឋានទ័ពថ្មីមួយ នៅក្នុងខេត្ត Anbar ភាគខាងលិចប្រទេសអ៊ីរ៉ាក់ ជាប់ព្រំដែនជាមួយប្រទេសស៊ីរី។ នេះបើតាមសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអ៊ីរ៉ាក់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមប្រភពខាងលើ អភិបាលក្រុង Anbar បានឲ្យដឹងថាដូច្នេះថា កងទ័ពអាមេរិកបានបោះមូលដ្ឋានថ្មី នៅក្នុងតំបន់អាល់ម៉ាលីហា (al-Maliha) ក្បែរក្រុងអាល់កាអ៊ីម (al-Qaim) ដែលនៅចម្ងាយ៤០០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីបាកដាដនៃប្រទេសអ៊ីរ៉ាក់។ ទីតាំងមូលដ្ឋាននេះ គឺនៅជិតខ្សែបន្ទាត់ព្រំដែនជាមួយស៊ីរី ហើយទំនងមានគោលដៅធ្វើការឃ្លាំមើលស្ថានការណ៍ព្រំដែន ដើម្បីការពារវត្តមានយោធាអាមេរិក ដែលត្រូវបានដាក់ពង្រាយក្នុងទឹកដីស៊ីរីក្បែរតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។
គួរជម្រាបថា កងទ័ពអាមេរិកជាង៥,០០០នាក់ ត្រូវបានដាក់ពង្រាយនៅអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់កងទ័ពអ៊ីរ៉ាក់ កាលពីអំឡុងយុទ្ធនាការប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS។ បើតាមការឲ្យដឹងកន្លងមកពីរដ្ឋាភិបាលអ៊ីរ៉ាក់ គឺពុំទាន់មានការសម្របសម្រួលណាមួយធ្វើឡើងជាមួយរដ្ឋាភិបាលអាមេរិកនៅឡើយទេ ដើម្បីកាត់បន្ថយចំនួនទ័ពអាមេរិក ក្រោយការទទួលបរាជ័យរបស់ក្រុម ISIS នៅក្នុងប្រទេសមជ្ឈិមបូព៌ានេះកាលពីចុងឆ្នាំ២០១៧៕