(វ៉ាស៊ីនតោន)៖ មន្រ្តីបេសកជនពិសេសទទួលបន្ទុកកិច្ចការកូរ៉េខាងជើងនៃសហរដ្ឋអាមេរិក នារសៀលថ្ងៃពុធនេះបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង ខណៈដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង កំពុងប្រឈមបញ្ហាលំបាកក្នុងការទម្លុះរកច្រកចេញពីភាពជាប់គាំងនៃកិច្ចចរចារវាងប្រទេសទាំងពីរ ដែលសំដៅបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរនៃប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
បេសកជនពិសេសខាងលើគឺលោក ស្ទីវិន ប៊ីហ្គាន់ (Stephen Biegun) នឹងត្រូវស្នាក់នៅរយៈពេល០៤ថ្ងៃ ក្នុងរដ្ឋធានីសេអ៊ូល។ ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងសហការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ក្នុងឱកាសជំនួបកំពូលជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ ប៉ុន្តែរហូតមកទល់ពេលនេះ ភាគីទាំងពីរពុំទាន់សម្រេចបានអ្វីជាដុំកំភួននៅឡើយទេ។
គួរជម្រាបថា ប្រទេសទាំងពីរ ក៏មិនទាន់បានរៀបចំកាលវិភាគឡើងវិញសម្រាប់កិច្ចពិភាក្សារវាង រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃស៍ ប៉ុមប៉េអូ និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង លោក គិម យ៉ុងចុល ក្រោយការលុបចោលយ៉ាងតក់ក្រហល់កាលពីខែវិច្ឆិកាផងដែរ៕