(វ៉ាស៊ីនតោន)៖ យោធាជើងទឹកអាមេរិក កំពុងធ្វើពិចារណាថា តើគួឬមិនគួរបញ្ជូនយន្តហោះប្រឆាំងនាវាមុជទឹកធុន P-8 Poseidon ទៅកាន់មូលដ្ឋាននៅឯរដ្ឋអាឡាស្កា ក្រោមកិច្ចប្រឹងប្រែងតាមឃ្លាំមើលឲ្យបានដិតដល់ លើសកម្មភាពរបស់ចិននិងរុស្ស៊ីនៅតំបន់ទឹកកកអាក់ទិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ប្រមុខកងទ័ពជើងទឹកអាមេរិក លោក រីឆាដ ស្ពែនសឺ (Richard Spencer) បានលើកឡើងនាពេលថ្មីៗនេះ «រុស្ស៊ីកំពុងតែកម្តៅសាច់ដុំផ្លូវឡើង-ចុះយន្តហោះចំនួន០៥កន្លែង និងកងទ័ពប្រមាណ១០,០០០នាក់ នៅឯតំបន់អាក់ទិក ហើយចិនក៏មានវត្តមាននៅទីនោះដែរ លើកលែងតែពួកយើង»។ លោក ស្ពែនសឺ បានបញ្ជាក់ទៀតថា រូបលោកនិងក្រុមមន្រ្តីយោធាជើងទឹក បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការបញ្ជូនយន្តហោះ P-8 ទៅកាន់មូលដ្ឋាន Adak ក្នុងរដ្ឋអាឡាស្កា។
គួរជម្រាបថា តំបន់អាក់ទិក ត្រូវគេវាយតម្លៃថា មានស្តុកទុក១៥ភាគរយនៃបរិមាណប្រេងដែលនៅសេសសល់ ព្រមទាំង៣០ភាគរយនៃឧស្ម័នធម្មជាតិនៅលើពិភពលោក៕