ទីក្រុងវ៉ាស៊ីនតោនច្រានចោលការលើកឡើងដ៏រសើបថា លោក ដូណាល់ ត្រាំ ជាអ្នកបើកភ្លើងខៀវឲ្យតួកគីចូលវាយលុកភាគឦសានស៊ីរី! (Video Inside)
19-12-2018 13:36
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានចេញមុខច្រានចោល ចំពោះការលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាអ្នកបើកភ្លើងខៀវឲ្យតួកគីធ្វើប្រតិបត្តិការយោធានៅប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ថ្ងៃចន្ទសប្តាហ៍នេះប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បាននិយាយថា លោក ដូណាល់ ត្រាំ បានផ្តល់ការឆ្លើយតបយ៉ាងវិជ្ជមានចំពោះគម្រោងរបស់តួកគី ក្នុងការបើកប្រតិបត្តិការយោធានៅត្រើយភាគខាងកើតទន្លេ អឺប្រាតស៍ (Euphrates) ដែលស្ថិតក្នុងប៉ែកឦសានប្រទេសស៊ីរី ខណៈក្រុមអង្គការសិទ្ធិមនុស្សមួយចំនួនលើកឡើងថា វាជាការសម្លាប់រង្គាលមួយ។
ដោយឡែកនាថ្ងៃអង្គារ នៅពេលត្រូវចោទសួរថា តើលោកប្រធានាធិបតីតួកគី បានធ្វើសេចក្តីថ្លែងការណ៍ភ័ន្តច្រឡំ ឬយ៉ាងណានោះ អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក លោក រ៉ូប៊ឺត ផល្លាឌីណូ (Robert Palladino) បានឆ្លើយតបយ៉ាងខ្លីថា «ប្រាកដណាស់»។
កាលពីថ្ងៃពុធសប្តាហ៍មុន លោក អឺដូហ្គាន់ បានប្រកាសថា យោធាតួកគីបានត្រៀមរួចជាស្រេច ដើម្បីចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលគាំទ្រដោយអាមេរិកនៅភាគខាងកើតទន្លេ Euphrates នាពេលឆាប់ៗ ដោយទីក្រុងអង់ការ៉ាបានអះអាងថា វត្តមានក្រុម YPG នៅក្បែរតំបន់ព្រំដែនរបស់ខ្លួន បានជះការគំរាមកំហែងជាខ្លាំងដល់សន្តិសុខជាតិតួកគី៕