(អាមេរិក)៖ ភពសៅរ៍ (Saturn) ដែលល្បីឈ្មោះដោយសារតែមានប្រព័ន្ធខ្សែក្រវាត់នៅព័ទ្ធជុំវិញ ត្រូវអង្គការ NASA បានបញ្ជាក់ឲ្យដឹងថា កំពុងតែបាត់បង់លក្ខណៈពិសេសនេះរបស់វា ដោយខ្សែក្រវាត់នោះអាចនឹងរលាយបាត់នៅក្នុងរយៈពេល ១០០លានឆ្នាំខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ USA Today នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមអ្នកវិទ្យាសាស្រ្តបានទទួលស្គាល់ថា ខ្សែក្រវាត់របស់ភពសៅរ៍កំពុងតែបាត់បង់វត្តមាន នៅក្នុងល្បឿនជាអតិបរមា ដែលត្រូវបានប៉ាន់ប្រមាណជាដំបូង តាមរយៈលទ្ធផលអង្កេតរបស់យានអវកាស Voyager 1 និង Voyager 2 ដែលត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាស កាលពីទសវត្សរ៍១៩៧០។
NASA បានឲ្យដឹងថា ខ្សែក្រវាត់នោះកំពុងត្រូវស្រូបចូលទៅកាន់ Saturn ដោយកម្លាំងទំនាញក្នុងទម្រង់ជាបាតុភូតភ្លៀង នៃភាគល្អិតទឹកកក នៅក្រោមឥទ្ធិពលរបស់ដែនម៉ាញេទិចនៃភពសៅរ៍។ ដោយយោងលើហេតុផលនេះតែមួយប៉ុណ្ណោះ ប្រព័ន្ធខ្សែក្រវាត់ទាំងមូល នឹងត្រូវរលាយបាត់នៅ ៣០០លានឆ្នាំខាងមុខ ប៉ុន្តែបើបន្ថែមលទ្ធផលអង្កេតរបស់យាន Cassini ទៀត ដែលរកឃើញមានការស្រូបរូបធាតុនៃខ្សែក្រវាត់នេះ ទៅកាន់តំបន់អេក្វាទ័រនៃ Saturn លក្ខណៈពិសេសនេះរបស់វា មានពេលមិនលើសពី ១០០លានឆ្នាំឡើយ។
បើតាម NASA អ្នកវិទ្យាសាស្រ្ត កំពុងព្យាយាមសិក្សាស្វែងយល់ឲ្យច្បាស់ថា តើភពសៅរ៍ទទួលបានប្រព័ន្ធខ្សែក្រវាត់របស់វាដូចសព្វថ្ងៃដោយរបៀបណា ខណៈការសិក្សាថ្មីៗបានលើកឡើងថា Saturn ទទួលបានលក្ខណៈពិសេសនេះ នៅក្រោយពេលវាចាប់ផ្តើមកកើត ដែលមានរយៈពេល ០៤ពាន់ឆ្នាំមុនឡើងទៅ។ រូបធាតុភាគច្រើននៅក្នុងប្រព័ន្ធខ្សែក្រវាត់នោះ រួមមានដុំទឹកក និងថ្ម ដែលមានទំហំខុសៗគ្នា គឺរួមមានតាំងពីរប៉ុនគ្រាប់ខ្សាច់ រហូតដល់ប៉ុនសត្វសេះ ឬរថយន្តក្រុងក៏មាន។
ទោះបីជាបែបនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់បានបញ្ជាក់ឡើយទេថា តើព្រះច័ន្ទធំៗមួយចំនួនរបស់ភពសៅរ៍ ដែលស្ថិតនៅក្បែរ ឬក្នុងតំបន់ខ្សែក្រវាត់នោះដែរដូចជា Pandora, Prometheus, Mimas ឬ Enceladus អាចរងឥទ្ធិពលដូចម្តេចនោះឡើយ ប៉ុន្តែសម្រាប់ភពសៅរ៍ដ៏ធំមហិមានោះ ការប៉ះពាល់ទង្គិចធ្ងន់ធ្ងរពីប្រព័ន្ធរបស់វា គឺកម្រនឹងកើតមានណាស់៕