(វ៉ាស៊ីនតោន)៖ ជនអន្តោប្រវេសន៍ហុងឌូរ៉ាស់ច្រើនជាង ៧,២០០នាក់ ដែលកំពុងព្យាយាមចូលមកកាន់សហរដ្ឋអាមរិក ក្នុងចំណោមជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាមេរិកកណ្ដាល បានស្ម័គ្រចិត្តត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញហើយ។ នេះបើប្រភពពីមន្ត្រីហង់ដូរ៉ាស់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមប្រភពពីមន្ត្រីនៃប្រធានការិយាល័យ ក្រសួងការបរទេសហុងឌូរ៉ាស់ រដ្ឋាភិបាលនៃប្រទេសអាមេរិកកណ្ដាលមួយនេះ បានផ្ដល់សេវាកម្មដឹកជញ្ជូន និងសេវាដទៃទៀតដល់ក្រុមជនអន្តោប្រវេសន៍ ដែលស្ម័គ្រចិត្តត្រឡប់មកកាន់ប្រទេសកំណើតវិញ។ ម្យ៉ាងវិញទៀត ការស្ម័គ្រចិត្តត្រឡប់ទៅកាន់ប្រទេសកំណើតវិញនេះ កើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលម៉ិចស៊ីកូ នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា ខ្លួនកំពុងធ្វើការងារជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនការវិនិយោគនៅក្នុងបណ្ដាប្រទេសអាមេរិកកណ្ដាល និងតំបន់ភាគខាងត្បូប្រទេសម៉ិចស៊ីកូ ក្នុងចេតនាបង្កើតការងារ និងទប់ស្កាត់ការធ្វើចំណាកស្រុក។
គួរបញ្ជាក់ថា ជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសអាមេរិកកណ្ដាល បាននាំគ្នាសម្រុកធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក កាត់តាមព្រំដែនប្រទេសម៉ិចស៊ីកូ កាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ ដើម្បីគេចចេញពីភាពក្រីក្រ និងអំពើហិង្សានៅក្នុងប្រទេសកំណើតរបស់ពួកគេ និងសង្ឃឹមថាអាចកសាងជីវិតថ្មីនៅទឹកដីអាមេរិក។ ប៉ុន្តែពួកគេមួយចំនួនធំត្រូវបានអាជ្ញាធរអាមេរិករារាំង ខណៈជនអន្តោប្រវេសន៍ជាង ២,៥០០នាក់ កំពុងស្ថិតនៅតំបន់ព្រំដែនអាមេរិក-ម៉ិចស៊ីកូនៅឡើយ៕