(ម៉ូស្គ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះបានព្រមានជាថ្មីម្ដងទៀតថាការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចំងាយមធ្យម (INF) នឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក ហើយថារុស្ស៊ីគ្មានជម្រើសអ្វីក្រៅតែពីពង្រឹងវិស័យការពារជាតិនោះទេ បើទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីសន្ធិសញ្ញានេះមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
លោក ពូទីន ធ្វើការកត់សម្គាប់បែបនេះនាឱកាសចូលរួមកិច្ចប្រជុំមួយនៅឯក្រសួងការពារជាតិរុស្ស៊ី។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានលើកឡើងដូច្នេះថា៖«ការប្រកាសដកខ្លួនចេញពីសន្ធិសញ្ញា INF របស់សហរដ្ឋអាមេរិកគឺជាក្ដីកង្វល់មួយដ៏ធំព្រោះថាបើទីក្រុងវ៉ាស៊ីនតោន ពិតជាដកខ្លួនចេញពីសន្ធិសញ្ញានេះមែន នោះវានឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក...ហើយរុស្ស៊ីគ្មានជម្រើសអ្វីក្រៅតែពីពង្រឹងវិស័យការពារជាតិនោះទេ»។
គួរជម្រាបថា កាលពីដើមខែធ្នូ កន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាសហរដ្ឋអាមេរិក សម្រេចចិត្តផ្អាកការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងសន្ធិសញ្ញា INF រយៈពេល៦០ថ្ងៃ រហូតទាល់តែរុស្ស៊ីត្រឡប់មកអនុវត្ត តាមកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញវិញ៕