(វ៉ាស៊ីនតោន)៖ ក្រុមតារាវិទូទើបតែបានប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលធំមួយ នាដើមសប្តាហ៍នេះ ដោយវត្ថុអវកាសថ្មីមួយត្រូវបានដាក់ឈ្មោះថា 2018 VG18 ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនេះ ហើយក៏ត្រូវចាត់ទុកជាវត្ថុអវកាសពណ៌ផ្កាឈូក មានរហស្សនាមថា «Farout» ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
របកគំហើញខាងលើនេះ ត្រូវបានប្រកាសចេញដោយសហគមន៍តារាវិទូ និងវិទ្យាសាស្ត្រភព IAUMPC ដែលចម្ងាយរបស់វាពីព្រះអាទិត្យ គឺស្មើនឹងគម្លាតពីព្រះអាទិត្យ និងផែនដីគុណនឹង ១២០ដង (១៥០គីឡូម៉ែត្រ X ១២០) ឬក៏ជិត ២០ពាន់លានគីឡូម៉ែត្រ ដែលឆ្ងាយជាងចម្ងាយរវាងព្រះអាទិត្យ និងភពភ្លុយតូគុណនឹង ២ ទៅទៀត។ តាមពិតវត្ថុអវកាសថ្មីនេះ ត្រូវបានរកឃើញអំឡុងពេលនៃបេសកកម្មស្វែងរកភពទី ៩ ឬ Planet X ដែលជាភពយក្សមួយ ត្រូវបានក្រុមតារាវិទូមួយចំនួនជឿជាក់ កំពុងលាក់ខ្លួនក្នុងប្រព័ន្ធរបស់យើង។
សម្រាប់ភពបម្រុងដែលត្រូវបានចាត់ទុកថា ជាវត្ថុអវកាសឆ្ងាយជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យនោះ គឺ Eris ហើយវាមានទំហំប្រហាក់ប្រហែលនឹងភពភ្លុយតូផងដែរ ជាមួយនឹងមុខកាត់ ២,៣២៦គីឡូម៉ែត្រ ចំណែកឯភ្លុយតូវិញគឺ ២,៣៧៧គីឡូម៉ែត្រ។ ដោយឡែកសម្រាប់ Farout ដែលទើបត្រូវបានរកឃើញនេះ គឺមានមុខកាត់ ៥០០គីឡូម៉ែត្រប៉ុណ្ណោះ គឺតូចជាងព្រះច័ន្ទ Charon របស់ភពភ្លុយតូចរហូតដល់ទៅជាង ២ដង ហើយវាបានក្លាយជាវត្ថុអវកាសឆ្ងាយបំផុតថ្មី ជំនួសឲ្យ Eris ចាប់ពីពេលនេះតទៅ។
ជុំវិញលទ្ធផលដែលកំពុងធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលខាងលើនេះ លោក Sheppard ជាតារាវិទូមួយរូប ដែលឈានដល់បង្កើតរបកគំហើញថ្មីនេះបានបញ្ជាក់ថា «ខ្ញុំស្រាប់តែនិយាយចេញនូវពាល្យថា Farout នៅពេលដែលខ្ញុំអង្កេតឃើញវត្ថុនោះដំបូង ពីព្រោះនៅសុខៗស្រាប់តែខ្ញុំឃើញវា កំពុងចល័តយឺតនៅទីនោះ... វាជាវត្ថុអវកាស ដែលពិតជាកំពុងគោចរនៅទីនោះពិតមែន....»។
គួរបញ្ជាក់ថា បើតាមគន្លង និងចម្ងាយរបស់ Farout ក្រុមតារាវិទូអាចគណនាដឹងថា វាត្រូវការពេល ១,០០០ឆ្នាំ ទើបអាចគោចរមួយជុំព្រះអាទិត្យ ឬស្មើនឹងមួយឆ្នាំរបស់វាផ្ទាល់។ Farout ត្រូវបានចាប់សញ្ញាឃើញដំបូងដោយតារាវិទូ Sheppard ជាមួយក្រុមការងាររបស់លោក ដោយប្រើតេឡេស្កូបដ៏មានឥទ្ធិពល មានមូលដ្ឋានក្នុងរដ្ឋហាវ៉ៃ នាកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ខណៈការបញ្ជាក់ថា ពិតជាមានវត្តមាន Farout ប្រាកដមែននោះ គឺតេឡេស្កូបនៅក្នុងប្រទេសឈីលី គឺជាសរុបសេចក្តី៕