(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលជប៉ុននាថ្ងៃអង្គារនេះ បានសម្រេចឯកភាពចំពោះគម្រោងការពារជាតិ ដែលមានគោលដៅប្រែក្លាយនាវាចំនួន ០២គ្រឿង ឲ្យទៅជានាវាដឹកយន្តហោះចម្បាំង ដែលទីក្រុងតូក្យូមិនមាននោះឡើយ ចាប់តាំងពីក្រោយសម័យសង្រ្គាមលោកលើកទីពីរ៕
២៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមានថា ពុំមាននរណាមួយអាចមកបង្គាប់បញ្ជាលើគន្លងផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិនបានឡើយ ខណៈដែលបក្សកុម្មុយនិស្តចិនបានប្រារព្ធពិធីអបអរខួប ៤០ឆ្នាំ នៃគោលនយោបាយកំណែទម្រង់ និងបើកចំហជាប្រវត្តិសាស្រ្តរបស់ខ្លួន នៅចំពោះមុខដ៏សម្ពាធតានតឹងជាមួយសហរដ្ឋអាមេរិក៕
៣៖ ក្រុមតារាវិទូអូស្រ្តាលីបានរកឃើញវត្ថុចំណាស់មួយ ដែលអាចមានប្រភពតាំងសម័យមហាព្រឹត្តិការណ៍បន្ទុះ Big Bang កាលពីជាង ១០ពាន់លានឆ្នាំមុន៕
៤៖ អង្គការសិទ្ធិមនុស្សធំបំផុតមួយនៅកូរ៉េខាងត្បូង នឹងដកហូតពានរង្វាន់ ដែលខ្លួនបានប្រគល់ទៅឲ្យមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី យកមកវិញ ដោយសារបញ្ហាពាក់ព័ន្ធនឹងជនជាតិភាគតិចរូហ៊ីងយ៉ា។
៥៖ ក្រុមហ៊ុនផលិតសព្វាវុធ និងអវកាសដ៏ធំរបស់អន្តរជាតិ General Dynamics បានព្រមានប្រទេសកាណាដាថា ប្រសិនបើរដ្ឋាភិបាលទីក្រុងអូតាវ៉ា ពិតជាដើរតាមគំរោងដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញ និងលក់អាវុធជាមួយអារ៉ាប៊ីសាអូឌីតមែននោះ ប្រទេសអាមេរិកខាងជើងមួយនេះ នឹងត្រូវទទួលខុសត្រូវលើការសងប្រាក់រាប់ពាន់លានដុល្លារ ទៅដល់ក្រុមហ៊ុន៕
៦៖ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm បាននិយាយថា ក្រុមហ៊ុន Apple នៅតែបន្តរំលោភបំពានលើ សេចក្ដីសម្រេចរបស់តុលាការចិន ដែលបានបង្គាប់ឱ្យក្រុមហ៊ុនផលិតទូរស័ព្ទដៃមួយនេះ បញ្ឈប់ការលក់ទូរស័ព្ទ iPhones ស៊េរីចាស់របស់ខ្លួន ដោយសារតែការរំលោភលើប័ណ្ណប៉ាតង់ផ្នែកបច្ចេកវិទ្យា៕