(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានព្រមានថា ពុំមាននរណាមួយអាចមកបង្គាប់បញ្ជាលើគន្លងផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិនបានឡើយ ខណៈដែលបក្សកុម្មុយនិស្តចិនបានប្រារព្ធពិធីអបអរខួប ៤០ឆ្នាំ នៃគោលនយោបាយកំណែទម្រង់ និងបើកចំហជាប្រវត្តិសាស្រ្តរបស់ខ្លួន នៅចំពោះមុខដ៏សម្ពាធតានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងក្នុងមហាវិមានប្រជាជនចិន នៅចំពោះមុខមន្រ្តីបក្សកុម្មុយនិស្តចិនជាច្រើនរូបលោក ស៊ី បានប្តេជ្ញាថា នឹងបន្តបោះជំហានឆ្ពោះទៅមុខជាមួយគោលការណ៍កំណែទម្រង់សេដ្ឋកិច្ចនៃប្រទេសចិន ប៉ុន្តែលោកបានគូសបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងប៉េកាំង នឹងមិនងាករេពីប្រព័ន្ធគ្រប់គ្រងដោយគណបក្សតែមួយ ឬក៏ទទួលបញ្ជាពីប្រទេសដទៃណាមួយដាច់ខាត។
ដោយមិនបានសំដៅចំៗលើសហរដ្ឋអាមេរិក លោក ស៊ី ជិនពីង បានបន្តទៀតថា ចិនមិនបង្កការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ ប៉ុន្តែលោកបានព្រមានច្បាស់ៗថាប្រទេសចិន ក៏នឹងមិននៅស្ងៀមឲ្យគេរុញទៅរុញមកតាមចិត្តឡើយ។ ការថ្លែងបែបនេះ គឺលោក ស៊ី ជិនពីង ចង់សំដៅលើទង្វើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដែលបាននិងកំពុងរួមដៃគ្នាចង់ក្រឡុកសេដ្ឋកិច្ចចិន តាមរយៈវិធីសាស្ត្រជាច្រើន ដូចដែលបានកើតមានឡើងកន្លងមក។
គួរជម្រាបថា ឱកាសរំលឹកខួប ៤០ឆ្នាំ នៃគោលនយោបាយកំណែទម្រង់ខាងលើ ដែលផ្តួចផ្តើមឡើងដោយអតីតមេដឹកនាំចិនលោក តេង ស៊ានពីង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧៨ បានប្រព្រឹត្តទៅចំពេលដែលចិនកំពុងស្ថិតក្នុងវិវាទការទូត និងសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងរយៈពេល ៩០ថ្ងៃ កាលពីដើមខែធ្នូ ដើម្បីចរចារកដំណោះស្រាយផងដែរ ហើយគ្រប់គ្នាកំពុងរំពឹងឲ្យចេញលទ្ធផលវិជ្ជមាន៕