(អង់ការ៉ា)៖ ទោះបីរដ្ឋប្រហារបញ្ចប់ទៅទាំងបរាជ័យ អស់រយៈពេលជាងពីរឆ្នាំទៅហើយក្តី ក៏បណ្តាមន្ត្រីរដ្ឋាភិបាល និងជនស៊ីវិលនានាដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងចលនានេះ នៅតែត្រូវបានស្រាវជ្រាវ និងចាប់ខ្លួនជាបន្តបន្ទាប់ ហើយនាពេលនេះអាជ្ញាធរតួកគីទើបតែបានចាប់មន្ត្រីយោធាសរុប ១១៨នាក់បន្ថែមទៀតយកទៅឃុំខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
តាមការផ្សាយរបស់សារព័ត៌មានរដ្ឋតួកគី Anadolu នាយទាហានទាំង ១១៨នាក់ខាងលើនេះ គឺស្ថិតនៅក្នុងកាតព្វកិច្ចយោធា ហើយពេលនេះពួកគេត្រូវក្លាយជាជនជាប់ចោទ ដោយសារតែមានជាប់ពាក់ព័ន្ធទៅនឹងអង្គការភេរវកម្មប្រដាប់អាវុធធំមួយ ដែលអាជ្ញាធរតួកគីចាត់ចូលទៅក្នុងក្រុម ដែលបានចូលរួមធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីខែកក្កដា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ កងកម្លាំងប៉ូលិសតួកគីបានចេញប្រតិបត្តិការនៅខេត្តចំនួន ៤៦ ទូទាំងប្រទេស ដោយបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់ តបតាមបទបញ្ជាពីការិយាល័យប្រធានរដ្ឋអាជ្ញាសាធារណ នៃទីក្រុងអ៊ីស្តង់ប៊ុល។ អ្នកដែលត្រូវបានចាប់ខ្លួនខាងលើនេះ ក៏ត្រូវបានអាជ្ញាធរតួកគីចោទប្រកាន់ផងដែរថា បានធ្វើការទាក់ទង ដោយផ្ទាល់តាមទូរស័ព្ទជាមួយបណ្តាញរបស់ចលនាគាំទ្រ លោក ហ្គូឡែន ដែលរដ្ឋាភិបាលលោក អឺដូហ្គាន់ តែងតែចោទថា ជាមេខ្លោងធ្វើរដ្ឋប្រហារកំពុងស្នាក់នៅសហរដ្ឋអាមេរិក៕