(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននាថ្ងៃអង្គារនេះ បានសម្រេចឯកភាពចំពោះគម្រោងការពារជាតិ ដែលមានគោលដៅប្រែក្លាយនាវាចំនួន ០២គ្រឿង ឲ្យទៅជានាវាដឹកយន្តហោះចម្បាំង ដែលទីក្រុងតូក្យូមិនមាននោះឡើយ ចាប់តាំងពីក្រោយសម័យសង្រ្គាមលោកលើកទីពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានថៃបាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ផែនការរយៈពេល០៥ឆ្នាំខាងលើនេះ តម្រូវឲ្យយោធាជប៉ុនធ្វើការកែលម្អនាវាដឹកឧទ្ធម្ភាគចក្រសព្វថ្ងៃចំនួនពីរគ្រឿង ឲ្យមានសមត្ថភាពដឹកយន្តហោះចម្បាំងបាន ហើយវាគឺជាចំណាត់ការថ្មីចុងក្រោយបំផុតរបស់នាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូ អាបេ ក្នុងការពង្រឹងសមត្ថភាពយោធាជប៉ុន។ ក្រៅពីនេះរដ្ឋាភិបាលជប៉ុន ក៏បានប្រកាសទិញសព្វាវុធទំនើបៗយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមានទាំងយន្តហោះចម្បាំងបំបាំងកាយជំនាន់ថ្មីបំផុត F-35 ជាដើមពីសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់របស់ខ្លួននោះគឺសហរដ្ឋអាមេរិក ដើម្បីទប់ទល់ឥទ្ធិពលចិន រុស្ស៊ី និងកូរ៉េខាងជើងនៅក្នុងតំបន់។
ទោះជាបែបនេះក្តី អ្នករិះគន់បានលើកឡើងថា គម្រោងទាក់ទិននឹងវិស័យការពារជាតិទាំងនេះ កំពុងរំកិលទីក្រុងតូក្យូឲ្យឃ្លាតចេញទៅឆ្ងាយពីការប្តេជ្ញារបស់ខ្លួន ចំពោះការរក្សាសមត្ថភាពយោធាត្រឹមក្នុងលក្ខណៈស្វ័យការពារ នៅក្រោមរដ្ឋធម្មនុញ្ញសន្តិនិយមក្រោយសម័យសង្រ្គាមលោកលើកទីពីររបស់ជប៉ុន។ បន្ថែមពីនេះ ផែនការរយៈពេល០៥ឆ្នាំខាងលើ មានទ្រទ្រង់ដោយកញ្ចប់ថវិកា ២៤៤ពាន់លានដុល្លារ ដែលអាចប្រើប្រាស់រហូតដល់ខែមីនា ឆ្នាំ២០២៤ ឯណោះ៕